អាជ្ញាធរ​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ ស្ដីពី​ការជំរុញ​ការទប់ស្កាត់​ការកាប់​រាន ទន្ទ្រាន​វាត​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ !

​សៀមរាប​៖ កាល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​ម្សិលមិញ​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ស្ដីពី​ជំរុញ​ការទប់ស្កាត់​ការកាប់​រានទន្ទ្រាន​វាត​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ខេត្តសៀមរាប ។ កិច្ចប្រជុំ​នេះដែរ​ដឹកនាំ​ដោយ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោកនាយ​ករងរ​ដ្ឋ​បាល មន្ទីរ​ពាក់ព័ន្ធ លោក​អភិបាលស្រុក និង​អ្នកពាក់ព័ន្ធ​សរុប​ប្រមាណ​ជាង​៤០​នាក់ ។​

​បើតាម​លោក ង៉ាន់ ភិ​រុណ បាន​បញ្ជាក់ថា ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ដល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្ម​សិទ្ធ​ដី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ​នៅតាម​បណ្តា​ខេត្ត និង​ត្រូវ​បន្ថែម​ការត្រៀម​បម្រុង​ដី ១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍ ។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា ចំពោះ​បញ្ហា​ទាំងអស់នេះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ទប់ស្កាត់​ខា​ច់​ខាត​កុំ​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​វាត​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​ក្លាយជា​សង្គ្រាម​ដីធ្លី ។ ក្នុងនោះ​អង្គភាព​ពាក់ព័ន្ធ​ត្រូវអនុវត្ត​នូវ​ការងារ​ដែល​ត្រូវបំពេញ​បន្ថែម ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​នូវ​ទិន្នន័យ និង​ស្ថិតិ​ប្រជាពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ ដើម្បី​ចាត់ចែង​ធ្វើការ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្ម​សិទ្ធ​ជូន​ពួកគាត់ ព្រមទាំង​ត្រៀម​រៀបចំ​បម្រុង​ដី ១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍ ។ បន្ថែម​ពីនេះ​អាជ្ញាធរ​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្តន៍​ពាក់ព័ន្ធ នឹង​សកម្មភាព​ខាងលើ ដើម្បី​ធ្វើការ​ទប់ស្កាត់​ហើយ​ត្រូវ​ហាមឃាត់​ដាច់ខាត និង​ត្រូវ​ប្រើប្រាស់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​តឹងរឹង​ម៉ឺងម៉ាត់​បំផុត​។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​អប់រំ ណែនាំ និង​បកស្រាយ​បំភ្លឺ អំពី​ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ។ ចំពោះ​ដីធ្លី​ដែលមាន​ទំនាស់ ត្រូវខិតខំ​សម្រុះសម្រួល​ដោយ​សន្ដិវិធី តម្លាភាព សុចរិត​ភាព និង​យុ​ត្តិ​ធ៌​ម​ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្រាវជ្រាវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​សាវតា​ដី​ទំនាស់ សាវតា​ប្រជាពលរដ្ឋ និង​ការទាមទារ​តវ៉ា​របស់​ប្រជាពលរដ្ឋ​។ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ មុននឹង​បញ្ជាក់ ឬ​ចុះហត្ថលេខា​លើ​លិ​ខិ​ស្នាម ឬ​ឯកសារ​នានា​ពាក់ព័ន្ធ​ដីធ្លី​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ បែបបទ​នីតិវិធី និង​គោលការណ៍​ណែនាំ​ជា​ធរមាន ។ ជាងនេះទៅទៀត រដ្ឋបាល​ស្រុក រដ្ឋបាលខេត្ត​ត្រូវ​រាយការណ៍ និង​ស្នើសុំ​យោបល់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្របតាម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​