ដី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ នៅ​ខេត្ត​ត្បូងឃ្មុំ មាន​៦៦៩​កន្លែង ក្នុងនោះ​មិនទាន់មាន​ប័ណ្ណ​កម្ម​សិទ្ធ​ចំនួន​៤៦១​កន្លែង​, រដ្ឋបាលខេត្ត ជំរុញ​ឲ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​មន្ទីរ​-​អង្គភាព​ទាំងអស់​ត្រូវ​ព​ន្លឿ​ន ក្នុងការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​

(​ត្បូងឃ្មុំ​)៖ ទ្រព្យសម្បត្ដិ​រដ្ឋ​ទាំងអស់ ពិសេស ដី​រដ្ឋ ដែល​មិនទាន់បាន​ចុះ​ក្នុង​សៀវភៅបញ្ជី​សារពើ​ភណ្ឌ ត្រូវ​ប្រញាប់​យកមក​ចុះបញ្ជី ឲ្យ​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ ដើម្បី​ចៀសវាង​ពី​ការរំលោភ​កាន់កាប់​ខុសច្បាប់ ឬ​បាត់បង់​ជាយថាហេតុ​។ ព្រមទាំង​ស្នើ​ឲ្យ​មន្ទីរ អង្គភាព រដ្ឋបាលខេត្ត​-​ក្រុង​-​ស្រុក ឃុំ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​ត្រូវ​រៀបចំ​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ឆ្នាំ​គោល (​ឆ្នាំ​២០១៩) របស់ខ្លួន ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ដាក់​ឆ្លង​គណៈកម្មការ​ធ្វើការ​ត្រួត​ពិនិត្យ​។​

​នេះ​ជាការ​ជំរុញ​រួមគ្នា របស់​ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃ​អ​.​ទ​.​ច និង​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ នាឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​(​ឆ្នាំ​២០១៩) និង​ជំរុញ​ការរៀបចំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មន្ត្រី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ភូមិ ជាច្រើនរូប​។​

​ឯកឧត្តម សៀក សុភ័គ និង​ឯកឧត្តម គន់ សុភា ក៍បាន​ក្រើនរំលឹក​ដល់ ប្រធាន​អង្គភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ ត្រូវ​គ្រប់គ្រង ថែរក្សា ការពារ និង​កត់ត្រា​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់​អោយបាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ និង​ត្រូវធ្វើ​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ឆ្នាំ​គោល (​ឆ្នាំ​២០១៩) អោយ​រួចរាល់ បាន​ត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាង​មានការ​យឺតយ៉ាវ ដែល​អាច​ប្រឈម​នឹង​វិធាន​រឹតត្បិត​ខាង​ចំណាយ​តាម​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល​។​

​ក្នុងឱកាស​នេះដែរ លោក គឹម ទិ​ត្យា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ត្បូងឃ្មុំ បាន​ជម្រាប​ផងដែរ​ថា ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​ត្រូវបាន​អនុវត្តតាម​២​ទម្រង់ គឺ​ទម្រង់​ទី​១ គឺជា​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​កត់ត្រា​លម្អិត នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ ដែល​ត្រូវធ្វើ​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្ដង និង​ទម្រង់​ទី​២ គឺជា​តារា​កើតឡើង និង​ថយចុះ នូវ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តងៗ ក្នុង​ចន្លោះ​រយៈពេល​៥​ឆ្នាំ​នៃ​ឆ្នាំ​គោល​។​

​លោក ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​នៃ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​(​ឆ្នាំ​២០១៩) របស់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សរុប​ទាំងអស់​មាន​ចំនួន​១០៣​អង្គភាព ដោយឡែក​ប័ណ្ណ​កម្ម​សិទ្ធ​ដី​ជា​សម្បត្តិ​រដ្ឋ មាន​សរុប​៦៦៩​កន្លែង ក្នុងនោះ​ដី​មាន​ប័ណ្ណ​កម្ម​សិទ្ធ​(​ប្លង់​) ចំនួន​២០៨​កន្លែង និង​ដី​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ​(​ប្លង់​) មាន​ចំនួន ៤៦១​កន្លែង​។​

​លោក គឹម ទិ​ត្យា ក៏បាន​សំណូមពរ​ដល់​បណ្ដា​អង្គភាព​ទាំងអស់​សូម​រៀបចំ​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ប្រចាំឆ្នាំ ២០១៩ ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ដាក់​ឆ្លង​គណៈកម្មការ​ពិនិត្យ ឲ្យ​បាន​រួចរាល់​តាម​ការកំណត់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​