ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល កោះអញ្ជើញ​បណ្តា​ក្រុមហ៊ុន ផ្សព្វផ្សាយ​ពា​ណិ​ជ្ចក​ម្ម ផ្ទាំង​អា​ហ្វិស ប៉ាណូ ប្រជុំ​ជាបន្ទាន់ តប​តាម​ការស្នើសុំ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

ខេត្តកណ្តាល​៖ ទីប្រឹក្សា ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកណ្តាល​
​ឯកឧត្តម ចាប វ​ន្នី បាន​កោះអញ្ជើញ​តំណាង ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្ទាំង​ប៉ាណូ​ធំៗ​នានា ដែល​បោះ​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល មក​ប្រជុំ​ជាបន្ទាន់ តប​តាម​ការជូនដំណឹង របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្នើ​សុំអោយ​រដ្ឋបាល ខេត្តកណ្តាល បង្កើត​អនុគណៈកម្មការ​ដោះស្រាយ​ផលប៉ះបាល់ នូវ​គំរោង​សាងសង់​ផ្លូវជាតិ​នានា ក្នុង​ខេត្តកណ្តាល ។​

​ក្នុងនាម​មន្ទីរ​ព័ត៌មាន ខេត្តកណ្តាល និង​ជា​សេនាធិការ អោយ​រដ្ឋបាលខេត្ត​ឯកឧត្តម ចាប វ​ន្នី បានស្នើ​អោយ​តំណាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ ផ្ទាំង​ប៉ាណូ​អា​ហ្វី​ស​ធំៗ​ទាំងអស់ ដែល​ដាក់តាំង​ផ្សព្វផ្សាយ កាត់​ទទឹង ឬ​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​២ សូម​រុះរើ ជា​បណ្តោះអាសន្ន​សិន ទំរាំ​គំរោង​សាងសង់ ផ្លូវជាតិ​លេខ​២ សាងសង់​រួច​ជា​ស្ថាពរ​។ ម្យ៉ាងទៀត​ការដាក់​តាំង​ផ្សព្វផ្សាយ វា​បាន​ប៉ះបាល់​ដល់​គំរោង​សាងសង់​ផ្លូវជាតិ​លេខ​២ ដែល​ក្រសួង សាធារណការ កំពង់ដំណើរការ​សាងសង់​នោះ​។​

​គួររំលឹកថា​៖ គំរោង​សាងសង់​ធ្វើអោយ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​២ បានទទួល​កម្ចី​ឥណទាន​ពី​សាធារណរដ្ឋ​កូរ៉េ នូវ​ទឹកប្រាក់​ចំនួន ៦៤​លាន​ដុល្លារ គឺ​ដំណើរ​ការសាងសង់​ចាប់ពី​រង្វង់​មូល​តាខ្មៅ​ខេត្តកណ្តាល រហូតដល់​រង្វង់​មូល​ក្រុង​ដូន​កែវ ខេត្តតាកែវ ប្រវែង ៧២,១៧​គ​.​ម និង​ផ្លូវជាតិ​លេខ​២២ ត​ភ្ជាប់​រង្វង់​មូល​ក្រុង​ដូន​កែវ ផ្លូវជាតិ​លេខ​២ រហូតដល់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់​ប្រវែង​៩,៦១​គ​.​ម​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​