សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​សហការ​ជាមួយ​អនុសាខា​ស្រុក​ស្វាយទាប និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩

ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៦​ខែ កក្កដា ឆ្នាំ ២០២០ មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង សហការ​ជាមួយ​អនុសាខា​ស្រុក​ស្វាយទាប និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ និង​បង្ហាញ​ពី​របៀប​លាងដៃ​ឱ្យបាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល​ដោយ​ប្រដាប់​បំពង​សម្លេង​តាម​ម៉ូតូ ។

ក្រោម​ការឧបត្ថម្ភ​ថវិកា ដោយ​សហព័ន្ធ​អន្តជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (IFRC) ដល់​ប្រជាពលរដ្ឋ​ចំនួន ២៧៧ នាក់ ស្រី ១៨២ នាក់​ស្មើនឹង​៥២ ខ្នង​ផ្ទះ ស្ថិត​
​នៅក្នុង​ភូមិ​ទួល​ត្របែក និង​ភូមិ​អង្គ​ស្វាយ ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ។

​ក្នុងឱកាស​នោះ ក្រុមការងារ​ទាំងអស់​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​សូម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម​៖
១. លាងដៃ​ឲ្យ​បាន​ញឹកញាប់​នឹង​ជាប្រចាំ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ៤. ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ៥. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ៦. ជៀសវាង​ប៉ះពាល់​ជាមួយ​សត្វព្រៃ​រស់ ឬ​កន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារ​ការពារ​ខ្លួន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មាន​ករណី​សង្ស័យ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ​។ ក្រុមការងារ​ក៏បាន​ចែក​សាប៊ូដុំ ប័ណ្ណប្រកាស ព្រមទាំង​បិទ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩ តាម​ខ្នង​ផ្ទះ និង​ផ្សព្វផ្សាយ​បន្ថែម​ពី​ការការពារ​ជំងឺគ្រុនឈាម ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី សុវត្ថិភាព​ចរាចរណ៍ ដល់​អ្នកចូលរួម​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​