រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ និង​រៀបចំ​ផែនការ​សកម្មភាព​ត្រីមាស​ទី​៣ ស្តីពី​ការអនុវត្ត​កម្មវិធី ASPIRE សមាសភាគ​៤ ឆ្នាំ​២០២០

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ និង​រៀបចំ​ផែនការ​សកម្មភាព​ត្រីមាស​ទី​៣ ស្តីពី​ការអនុវត្ត​កម្មវិធី ASPIRE សមាសភាគ​៤ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង​។​

​ដោយមាន​សមាសភាព​ចូលរួម​ពី ភ្នាក់ងារ​ផ្តល់​បច្ចេកទេស​របស់​ក្រុមហ៊ុន SBK, ក្រុមការងារ​កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង ក្រុមការងារ​កម្មវិធី ASPIRE ស្រុក​សាមគ្គី​មានជ័យ ស្រុក​កំពង់ត្រឡាច ស្រុក​ទឹកផុស ស្រុក​កំពង់លែង សរុប ២៣ នាក់ ស្រី​៥​នាក់​។​

​ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០២០ គម្រោង​មូលនិធិ​ឃុំ ដែល​បាន​ស្នើឡើង​បដិភាគ​ជាមួយ​កម្មវិធី ASPIRE មាន​ចំនួន ១៦ គម្រោង ស្មើរ​នឹង​៤​ស្រុក ទុ​ូ​ទាំង​ខេត្តកំពង់ឆ្នាំង ក្នុងនោះ​គម្រោង​ដែល​បាន​វាស់វែង​រួចរាល់​មាន​ចំនួន ១៦ គម្រោង និង​គម្រោង​ដែល​មិនទាន់​បានរៀបចំ​ឯកសា​រ​ដីធ្លី​មាន​ចំនួន ៣​គម្រោង​។ សូមបញ្ជាក់​ផងដែរ​ថា ថវិកា​មូលនិធិ​កម្មវិធី ASPIRE ឆ្នាំ​២០២០ មិនមាន​ការប្រែប្រួល​ទេ ហើយ​ថវិកា​ទាំង​នោះបាន វេ​ចូលក្នុង​កុង​គណនេយ្យ​ឃុំ រួចរាល់​ហើយ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អង្គប្រជុំ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ក្រុមការងារ ASPIRE ខេត្ត និង​ស្រុក បន្ត​ជម្រុញ​សកម្មភាព​ការងារ​ឱ្យបាន​ល្អប្រសើរ និង​ទាន់ពេលវេលា ពិសេស​ឃុំ​លិច​ទឹក​មួយចំនួន ក្នុងស្រុក​កំពង់លែង និង​ស្រុក​កំពង់ត្រឡាច ដាក់សំណើ​ដេញថ្លៃ​ឱ្យបាន​មុនគេ ហើយ​ត្រូវ​តាមដាន​រាល់​ការអនុវត្ត​អ្នកទទួលការ និង​ជម្រុញ​ឱ្យ​អនុវត្ត​ទាន់ពេលវេលា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង