គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF)

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សាលប្រជុំក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ  ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកិច្ចលទ្ធកម្មសំណង់ថ្នាក់ខេត្ត លើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF)  ជូនដល់ប្រធានក្រុមគាំទ្រគម្រោងថ្នាក់ស្រុក រួមមាន ៖ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក លោកមេឃុំ និងលោក លោកស្រីជំទប់ទី១ឃុំ គោលដៅចំនួន១៦ឃុំមិនទាន់បានដេញថ្លៃ។

 ថ្លែងបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងថា ៖ ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីសរុបជាទឹកប្រាក់ចំនួន៦៦លានដុល្លា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF) ។  ដោយឡែក វគ្គបណ្តុះបណ្តាលនាពេលនេះ មានគោលបំណងដើម្បីណែនាំ បង្ហាត់បង្ហាញពីនីតិវិធីកិច្ចលទ្ធកម្មសំណង់សម្រាប់ប្រើប្រាស់នៅកម្រិតថ្នាក់ខេត្តសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធឃុំ ក្នុងក្របខ័ណ្គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF) ។ 

ឯកឧត្តម បន្តថា ៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២(TSSD-AF) នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីត្រីមាសទី១ ឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងគោលបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តគោលដៅ តាមរយៈការបង្កើនផលិតភាពកសិកម្ម ព្រមទាំងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលទ្ធភាពចូលដល់ទីផ្សារសម្រាប់កសិផលដែលបានដាំដុះតាមបច្ចេកទេសកសិកម្ម ។ គម្រោងនឹងអនុវត្តនៅក្នុង ២៧០ឃុំ សង្កាត់ និង ៣៨ក្រុងស្រុក និងខេត្តចំនួន ៧ ក្នុងនោះមាន ខេត្តបាត់ដំបង កំពង់ចាម  ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ចំពោះខេត្តត្បូងឃ្មុំ មានស្រុក ចំនួន ៣   គឺ ៖    ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក មានឃុំគោលដៅចំនួន២១ឃុំ។  

ឯកឧត្តម ពាង ណារិទ្ធ បានផ្ដាំផ្ញើដល់ លោកមេឃុំ លោកលោកស្រីជំទប់ទី១ លោកប្រធានក្រុមគាំទ្រគម្រោងថ្នាក់ស្រុក និងក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងស្តាប់ការបង្ហាត់បង្ហាញ ពីនីតិវិធីកិច្ចលទ្ធកម្មសំណង់ និងលើកជាសំណួរសួរលោកគ្រូអ្នកគ្រូឧទ្ទេសអោយបានផុលផុសផងដែរ៕