កូនឈើ​ប្រណីត​និង​ឈើ​ផ្កា​ព្រៃ​ចំនួន​៤០០​ដើម ត្រូវបាន​ដាំ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ក្រោម​ប្រធានបទ «​សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន​» !

សៀមរាប​៖ កូនឈើ​ប្រណីត​សរុប​ចំនួន​៤០០​ដើម រួមមាន ប្រភេទ​ឈើ​ធ្នង់ , ក្រញូង , បេង , នាងនួន , សុ​ក្រំ , កូនឈើ​ផ្ការំដួល និង​ថ្កុ​លមាស ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន​» ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន , លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។​

​ឯកឧត្តម ហង់ ពៅ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​អង្គរ​ចាប់ពី​ឆ្នាំ​២០១៤ ជា​ប្រយោជន៍​សម្រាប់​ការរស់នៅ​និង​ការអភិរក្ស​ប្រាង្គ​ប្រាសាទ រួមទាំង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផង ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ មុន​កាប់​ដើមឈើ​មួយ​ដើមៗ គួរ​ពិចារណា​ពី​ផលប្រយោជន៍​របស់​ដើមឈើ ហើយ​ចូលរួម​ដាំ​ឡើងវិញ​ទាំងអស់គ្នា និង​ចងចាំ​ថា «​ដើមឈើ​ខ្ញុំ​នៅក្នុង​តំបន់​អង្គរ​» ខណៈ​ជា​គោលដៅ​ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែកជូន​កូនឈើ​ជាង​១​សែន​ដើម​ឱ្យទៅ​សាធារណជន​យកទៅ​ដាំ​នៅតាម​សហគមន៍ និង​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា គ្រប់គ្នា​តែងមាន​គំនិត​ព្រួយបារម្ភ ពី​ការ​រេច​រិល​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា នាំឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការដាំ​ដើមឈើ​ឡើងវិញ តែ​សូម​តាំងស្មារតី​ឡើង​ដើម្បី​រួមគ្នា​ជាថ្មី ប្រយុទ្ធប្រឆាំង​ការបំផ្លាញ​ព្រៃឈើ ឱ្យស្រប​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​ដាំ​ដើមឈើ​ឱ្យបាន​រាប់ម៉ឺន​ហិកតា រាប់លាន​ដើម​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ស្រុកទេស​មាន​សុខសន្តិភាព ដូច្នេះ​សូមកុំ​ឱ្យមាន​ត្រឹម​ទស្សនៈ​ស្រឡាញ់​ដើមឈើ តែ​មិនបាន​ដាំ ហើយ​នាំ​តែ​គ្នា​បំផ្លាញ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម គី តិច បាន​បញ្ជាក់ថា ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​ពិធី​ដាំ​ដើមឈើ សូម​ថ្លែងអំណរគុណ​ចំពោះ​ការសម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈ​អភិបាលខេត្ត​សៀមរាប រួមទាំង​ប្រជាពលរដ្ឋ​អនុញ្ញាតឱ្យ​ក្រុម​មេធាវី​បាន​ដាំ​ដើមឈើ​នៅក្នុង​បរិវេណ​ខាងត្បូង​ប្រាសាទអង្គរវត្ត ទុកជា​កេរតំណែល និង​ជា​គំរូ​សម្រាប់​បំផុសទឹកចិត្ត​ឱ្យ​សាធារណជន​ស្រឡាញ់ ព្រមទាំង​ចូលរួម​ដាំ​ដើមឈើ​ទាំង​តាម​ទីសាធារណៈ ស្ថាប័ន តំបន់​ប្រវត្តិសាស្ត្រ និង​សហគមន៍​ដែល​ខ្លួន​រស់នៅ​កាន់តែច្រើន ហើយ​ការដែល​រៀបចំ​ពិធី​នេះ​បាន គឺ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បានធ្វើឱ្យ​ប្រទេស​មាន​សន្តិភាព ដែល​នាំមក​នូវ​ការអភិវឌ្ឍ យុត្តិធម៌ សាសនា​សុខដុមរមនា ការការពារ​បេតិកភណ្ឌ និង​បរិស្ថាន​បានល្អ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​