រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ច្រានចោល​ការផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​វិទ្យុ​អាស៊ីសេរី ដែលថា ទាហាន​វៀតណាម​ប្រដាប់អាវុធ​ចូល​ឈ្លានពាន​នៅ​ស្រុក​ពញាក្រែក​

(​ត្បូងឃ្មុំ​)៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដោយ ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​របស់​គេហទំព័​រ​វិទ្យុ​អាស៊ីសេរី ដែល​ចុះផ្សាយ​ថា «​មាន​យោធា​វៀតណាម​ប្រដាប់​ដោយ​អាវុធ និង​ដំបងឆក់​ប្រមាណ​៣០​នាក់ ចូលមក​ឈ្លានពាន និង​ធ្វើ​ទុក​បុក​ម្នេញ លើ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ ដែល​រស់នៅក្នុង​ស្រុក​ព​ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ មិនឱ្យ​ធ្វើស្រែ​លើដី​របស់ខ្លួន​តាម​បណ្ដោយ​ព្រំដែន​»​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា «​ពុំមាន​វត្តមាន​ទាហាន​វៀតណាម​ប្រដាប់​ដោយ​អាវុធ​ចូលមក​ឈ្លានពាន និង​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ស្រុក​ព​ញ​ក្រែក​នោះទេ​។ សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​របស់​គេហទំព័​រ​វិទ្យុ​អាស៊ីសេរី បាន​ចុះផ្សាយ​»​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ កន្លងមក​រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ប្រទេសជិតខាង​ប្រើប្រាស់​យន្តការ ដែលមាន​ស្រាប់​ក្នុង​ក្របខណ្ឌ​ច្បាប់​អនុញ្ញាត ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ខិតខំ​យកចិត្តទុកដាក់​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នានា ឈរលើ​ស្មារតី​មិត្តភាព និង​ភាពជា​អ្នកជិតខាង​ល្អ ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ប្រជាជន​ប្តេជ្ញា​ការពារ​ឱ្យបាន​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ព្រមទាំង​រួមចំណែក​កសាង​តំបន់​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​វិធានការ​រឹតបន្ដឹង និង​ពង្រឹង​គ្រប់គ្រង​ការចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ទាំង​មនុស្ស និង​ទំនិញ​យ៉ាង​ម៉ឺងម៉ាត់ ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា រាល់​បទល្មើស​ឆ្លងដែន ក៏ដូចជា​ដើម្បី​រាំងខ្ទប់​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បញ្ជាក់ទៀតថា ចំពោះ​ករណី​ដែល​ប្រជាពលរដ្ឋ​បាន​ចូល ទៅ​បោះបង្គោល​កំណត់​ព្រំដី នៅលើ​សំណល់​ដី​ពី​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន គឺជា​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​។​

​ជាគោលការណ៍ សំណល់​ដី​នោះ​នឹងត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន ក្រោយពី​មានការ​ផ្លាស់ប្តូរ​សច្ចាប័ន​សន្ធិសញ្ញា​ព្រំដែន ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា វៀតណាម​)​។​

​ករណីនេះ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ​រដ្ឋបាលខេត្ត បាន​ដឹកនាំ​កម្លាំង​មាន សមត្ថកិច្ច​ខេត្ត​បាន​ជួប​ដោយផ្ទាល់​ជាមួយ ប្រជាពលរដ្ឋ និង​បានធ្វើ​ការណែនាំ អប់រំ ពន្យល់​ពី​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ចូលរួម​អនុវត្តតាម​គោលនយោបាយ​ដ៏​ភ្លឺស្វាង​របស់ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជា​លទ្ធផល​ប្រជាពលរដ្ឋ​បាន​ទទួលយក​សំណូមពរ របស់​ក្រុមការងារ រដ្ឋបាលខេត្ត និង​បាន​ធា​នាំ​អះអាងថា មិន​ចូល​ទន្ទ្រាន​កាន់កាប់​សំណល់​ដី ក្នុង​តំបន់​នោះ​ទៀតឡើយ​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​យល់ថា «​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើ គឺជា​ព័ត៌មាន​អុជអាល បំភ្លៃ​ការពិត មិន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ជាក់ស្តែង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រឌិត​ឡើង​ដើម្បី​បម្រើ​ផល ប្រយោជន៍​នយោបាយ​បក្សពួក​របស់ខ្លួន ដែល​បង្ក​ការភ័ន្តច្រឡំ​ក្នុងចំណោម​សាធារណមតិ និង​បង្កើត​ភាព ល្អក់កករ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាំង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​វៀតណាម​)»៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​