ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបប្រជុំពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្ត បានជួបប្រជុំពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ៣៥ នាក់។

ជាកិច្ចស្វាគមន៍ លោក អម សុភា អភិបាលរងខេត្ត បានថ្លែងនូវរបាយការណ៍វឌ្ឍនភាពដោយសង្ខេបស្ដីពីសកម្មភាពការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងរបាយការណ៍វឌ្ឍនភាពការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្ត។ ជាមួយគ្នានោះ លោក អភិបាលរងខេត្ត ក៏បានលើកឡើងពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវី១៩។

ជាកិច្ចបន្ទាប់ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ បាននឹងកំពុងខិតខំបំពេញការងារទាក់ទងនឹងជំងឺអេដស៍នេះ បើទោះជា មានពេលខ្លះជួបប្រទះនូវស្ថានភាពដ៏លំបាកក្នុងការអនុវត្តការងារយ៉ាងណាក៏ដោយ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់បន្តសហការពេញការងារអប់រំផ្សព្វផ្សាយអំពីវិធានការការពារការឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ។

បន្ថែមពីនោះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណ:រដ្ឋមន្ត្រីស្ដីពីរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ និងសំណើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងអំឡុងពេលនៃកូវីដ១៩ ៕