ពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី គិតត្រឹមព្រឹកថ្ងៃនេះ ខណៈករណីកំពុងសម្រាកព្យាបាលមានចំនួន ៣២នាក់ ដដែល

(ភ្នំពេញ)៖ យោងតាមការផ្សាយចេញពីបណ្តាញសង្គមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ៨និង៣០ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ដែលធ្វើឲ្យចំនួនសរុបកូវីដ-១៩ នៅ១៦៥នាក់ដដែល, អ្នកជំងឺកំពុងសំរាកព្យាបាលមាន៣២នាក់ និងជាសះស្បើយសរុបចំនួន១៣៣នាក់ និងស្លាប់គ្មាន។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច នាយកដ្ឋានខាងលើ បានអំពាវនាវដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ និងត្រូវបន្តអនុវត្តគម្លាតសង្គម ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។

ជាមួយគ្នានោះ ខណៈដែលប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានស្នើដល់ប្រជាជនកម្ពុជា បន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។

គួរបញ្ជាក់ផងដែរថា កម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ ហើយរហូតមកដល់ពេលនេះ ក្រសួងបានធ្វើតេស្តចំនួន ៤៧៧០២ ស្មើនឹង ២៨៧៣ ក្នុង១លាននាក់៕ ដោយ៖ កន ចំណាន