អភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ក្នុងស្រុករំដួល និងរមាសហែក

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះសាលាខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃសំណង់សាលាឃុំ ដែលសាងសង់រួចរាល់ និងកំពុងសាងសង់ ព្រមទាំងបានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ស្ថិតនៅសាលាឃុំសង្កែ សាលាឃុំកំពង់អំពិល ក្នុងស្រុករំដួល និងសាលាឃុំអណ្តូងពោធិ៍ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រៅពីមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍខេត្ត និងការផ្តាំផ្ញើរអំពីកម្មវិធីអនុវត្តសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រដែលប៉ះពាល់ដោយសារជំងឺកូវីដ១៩  ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនថា  ទន្ទឹមនឹងការចុះមកសាលាឃុំនាពេលនេះ  រដ្ឋបាលខេត្តបានស្រាវជ្រាវចងក្រងនូវសៀវភៅប្រវត្តិខេត្តស្វាយរៀងរួចហើយ ពេលនេះបាននឹងកំពុងចងក្រងនូវ  សៀវភៅប្រវត្តិឃុំនីមួយៗ  ក្នុងខេត្តស្វាយរៀងបន្ថែមទៀតផងដែរ សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងទុកឲ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង