ស.ស.យ.ក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចូលរួមដាំកូនឈើ២៣០ដើមក្នុងបរិវេណវត្តគិរីវនារាមស្ទឹងត្រង់

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់បានដឹកនាំសមាជិក ស.ស.យ.ក ស្រុកចូលរួម ជាមួយព្រះសង្ឃ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋដាំកូនឈេីនៅក្នុងបរិវេណវត្ត្តគិរីវនារាមស្ទឹងត្រង់បានចំនួន២៣០ដើម។

ការដាំដើមឈើនេះក្នុងគោលបំណងដើម្បីបរិស្ថានរស់នៅបៃតង កាត់បន្ថយការកើនកម្ដៅផែនដី ជាជម្រកសម្រាប់សត្វនានា និងជាគម្រូដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកូនចៅជំនាន់ក្រោយឲ្យចូលរួមដាំដើមឈើបន្ថែមទៀត ព្រមទាំងរួមគ្នាថែរក្សាដើមឈើដែលបាននោះឲ្យបានគង់វង្ស៕