សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទាន ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្ម និងសហគមន៍កសិកម្ម

(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្ម និងសហគមន៍កសិកម្ម ក្រោមគណៈអធិបតីភាពឯកឧត្តម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក តំណាងសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបងប្អូនប្រជាកសិករមកពីតាមបណ្តាក្រុង ស្រុកនានាក្នុងខេត្ត ប្រមាណជាង ២០០នាក់ ។

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្ដម សេង សីលា អភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះធនាគារអភិវឌ្ឍន៍ជនបទ ដែលបានសហការ និងគាំទ្រឲ្យមានការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះនៅក្នុងខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយអំពីព័ត៌មាននានាពាក់ព័ន្ធនឹងការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍ជនបទដល់បងប្អូនប្រជាកសិករក្នុងការលើកកម្ពស់កិច្ចការផលិតកម្មរបស់ពួកគាត់ ព្រមទាំងបង្ហាញជូនអំពីស្ថានភាពទូទៅ ការរីកចម្រើន និងលទ្ធផលការងារបង្កបង្កើនផលនៅក្នុងខេត្តផងដែរ ។

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

សូមជម្រាបថា គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក គឺជំរុញឲ្យប្រជាកសិករយើង ប្រឹងប្រែងផលិតបន្លែ ផ្លែឈើ លុបបំបាត់ការនាំចូលពីប្រទេសជិតខាង និងពង្រីកពង្រឹងការផ្គត់ផ្គង់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ហើយអាចមានលទ្ធភាពឈានទៅធ្វើការនាំចេញបន្តទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង