សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ប្រទានព្រះរាជអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ នៅស្រុកកំចាយមារ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០ សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេពវង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ ដែលពិធីនេះធ្វើនៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្ដម ជា សុមេធី អភិបាលខេត្តបានលើកឡើងថា ទាំងនេះគឺទឹកព្រះទ័យរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ បានប្រទាននូវព្រះរាជអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារនៅស្រុកកំចាយមារនាពេលនេះ ទាំងនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្ថានភាពនៃជម្ងឺកូវិត១៩ ដែលកំពង់គម្រាមកំហែងនៅលើពិភពលោកនេះ។

ក្នុងឱកាសនោះសម្ដេចព្រះអគ្គមហាសង្ឃរាជមានព្រះបន្ទូលថ្លែងនូវការកោតសរសើរនឹងដឹងគុណចំពោះសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍រហូតមកដល់ពេលបច្ចុប្បន្ននេះធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

សម្ដេចព្រះអគ្គមហាសង្ឃរាជមានព្រះបន្ទូលបន្តថា ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីត១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ទើបសម្តេចព្រះអគ្គមហាសង្ឃរាជ បានរៀបចំជាអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន២០០គ្រួសារនេះ។

សម្ដេចព្រះអគ្គមហាសង្ឃរាជមានព្រះបន្ទូល សំណូមពរដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់នៅជម្ងឺកូវីត១៩នេះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ។

ព្រះរាជអំណោយនោះមានក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មីម៉ាម៉ា០១កេស, ត្រីខ០១យួ, ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ម៉ឺនរៀលនោះផងដែ៕