សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ ប្រជាជនកម្ពុជា បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ-១៩

APP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាជនកម្ពុជា យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ-១៩ឲ្យសោះ។

តារយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច បានលើកឡើងថា សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។

សម្តេចបានបន្តទៀតថា ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ជាមួយគ្នានោះ សម្តេចតេជោ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឲ្យសោះ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស។ សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ និងបងប្អូនមកសួរសុខទុក្ខ ត្រូវពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។

បន្ថែមលើសពីនោះ សម្តេចតេជោ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ បន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។

សម្តេចតេជោ  បានពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕ ដោយ៖ កន ចំណាន