អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​ដាំ​កូនឈើ​ឡើងវិញ​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ !

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ដាំ​កូនឈើ​ឡើងវិញ​នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤​។

​ពិធី​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ពៅ ហេង មេ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តំណាង​កងឯកភាព​កំចាត់មីន​ទី​៤ ព្រមទាំង​មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា និង​ពលទាហាន​ប្រមាណ​ជាង​៤០០​នាក់​។ កូនឈើ​ដែល​បាន​ដាំ​នៅពេលនោះ​សរុប​ចំនួន ៥០០០​ដើម មាន​១៨​ប្រភេទ ដែលជា​ការឧបត្ថម្ភ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។

​សូម​ជម្រាបជូន​ថា ចាប់ពី​ថ្ងៃទី​០៩ ខែកក្កដា​រហូតដល់​ថ្ងៃទី​១១ ខែកក្កដា​នេះ មាន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ធំៗ​ចំនួន​២​លើក ដែល​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ដាំ​នៅ​ថ្ងៃទី​០៩ កក្កដា ចំនួន​១៥,៦២៥​ដើម និង​មន្ទីរ​បរិស្ថាន​ខេត្ត សហការ​ជាមួយ​ក្រសួងបរិស្ថាន​ដាំ​នៅ​ថ្ងៃទី​១០ ខែកក្កដា ចំនួន​២,០០០ ព្រមទាំង​នៅ​បណ្ដា​ក្រុង ស្រុក​ជាច្រើន​ទៀត​ក្នុង​ខេត្ត​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​