ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ជូនដល់បងប្អូនកម្មករនិយោជិត

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០នេះ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ជូនដល់បងប្អូនកម្មករនិយោជិត ដែលក្រុមហ៊ុនបានស្នើសុំព្យួរកិច្ចសន្យាការងារដោយសារផលប៉ះពាល់ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបងប្អូនកម្មករនិយោជិត ចូលរួម សរុបចំនួន ១.៨៤៨នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមតំណាង ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានជម្រាបជូនអំពីការអនុវត្តកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលរួមមាន :
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល នៃជំងឺកូវីដ-១៩ និង
– គោលនយោបាយដោះស្រាយ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល(40$) និងប្រាក់ឧបត្ថម្ភរបស់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស (30$) ជូនដល់កម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលកូវីដ-១៩ ។
ជាពិសេស ឯកឧត្តម បានជម្រាបជូនអំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ថា ” យើងមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានគ្រោះថ្នាក់ ឬស្លាប់ ដោយយើងមិនបានយកចិត្តទុកដាក់ដោះស្រាយនោះទេ ” ។

ដោយអនុវត្តតាមអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងដោយមានការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ចំពោះការអនុវត្តជាក់ស្តែងនូវកម្មវិធីគាំពារសង្គមទាំងអស់របស់រាជរដ្ឋាភិបាល នៅក្នុងខេត្តស្វាយរៀង គឺយើងអនុវត្តបានត្រឹមត្រូវស្របតាមនីតិវិធី គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន បានដោះស្រាយចំមុខសញ្ញាប្រកបដោយភាពយុត្តិធម៌ សុច្ចរិតភាព និងតម្លាភាព ដោយពុំមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះទេ ជាពិសេស លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្តល់ការណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមបណ្តាក្រង ស្រុកទាំង៨ ឱ្យមានការខិតខំយកចិត្តទុកជំរុញ តាមដានត្រួតពិនិត្យ និងគាំទ្រ ដល់ការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាលំនឹងប្រាក់ចំណូល និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករនិយោជិត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ជាក់ស្តែង បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង បានសម្តែង នូវការសប្បាយរីករាយ អបអរសាទរ គាំទ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ រាជរដ្ឋាភិបាល ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានជម្រាបជូនអំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល និងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឲ្យបានល្អ ៕