កូនឈើ​ចម្រុះ​ចំនួន​ជាង​២.០០០​ដើម ត្រូវបាន​ដាំ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូលែន ស្រុក​ស្វាយ​លើ !

​សៀមរាប​៖ កូនឈើ​ចម្រុះ​ចំនួន​ជាង​២.០០០​ដើម ត្រូវបាន​ដាំ​លើ​ផ្ទៃដី​ចំនួន​ជាង​២​ហិកតា នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូលែន ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ស្តារ​គម្រប​បៃតង និង​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​មាន​ភាព​បៃតង និង​រក្សាបាន​នូវ​ប្រភពទឹក​ក្រោម​ដី សម្រាប់​ទ្រ​ង​ទ្រង់​គ្រឹះ​ប្រាសាទ​នានា​នៅក្នុង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ស្ថាប័ន អង្គការ​ដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ក្រុមយុវជន​ស្ម័គ្រចិត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។​

​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មាន​ប្រសា​ន៍​ថា ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​ភ្នំ​គូលែន ត្រូវបាន​បង្កើតឡើង​ដោយ ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២៩៩៨ ដែលមាន​ផ្ទៃក្រឡា ៣៧៥០០​ហិតា ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​០៤ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​វ៉ារិន និង​ស្រុក​សូទ្រនិគម ហើយ​បច្ចុបន្ននេះ មន្ទីរ​បាននិងកំពុង អនុវត្តន៍​ការងារ​ចំបងៗ ដែល​បាន​កំណត់ដោយ​ក្រសួងបរិស្ថាន​ផងដែរ​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការដាំ​ដើមឈើ​ឡើងវិញ​នេះ ពិត​ជាមាន​សារៈប្រយោជន៍ សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ​យើង​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​តាមរយៈ​នៃ​ការដាំ​កូនឈើ​នៅថ្ងៃនេះ និង​ការចូលរួម​យ៉ាងច្រើន​កុះករ បាន​ឆ្លុះបញ្ចាំង​នូវ​ការ​ភ្ញាក់រលឹក​របស់​សហគម​ន៍​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​ចំពោះ​ការបាត់បង់​ព្រៃឈើ និង​ជា​ស្មារតី​ម្ចាស់ការ​ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ អនាគត​ភូមិ ឃុំ និង​ជា​ជោគវាសនា​នៃ​មាតុភូមិ​យើង ជាពិសេស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដើម្បីឱ្យ​ខេត្តសៀមរាប​របស់​យើង​រក្សាបាន​នូវ​គម្រប​បៃតង​ស្រស់ ព្រោះ​ព្រៃឈើ​វា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​លំនឹង​នៃ​ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​ធម្មជាតិ តាមរយៈ​ការជួយ​ធ្វើ​និយ័តកម្ម​អាកាសធាតុ ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ទប់​ទល់នឹង​គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ។​ល​។​

​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ការដាំ​កូនឈើ​ឡើងវិញ​នៅក្នុង ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​នេះ គឺជា​ការគិតគូ​របស់​ក្រសួង​អំពី​និរន្ត​ភាព​បរិស្ថាន និង​សេវាកម្ម អេកូឡូស៊ី​ជាពិសេស​គឺ​ស្ថានភាព​ទឹក ខណៈ​បច្ចុប្បន្ននេះ ស្ថានភាព​ទឹក​ក្រោម​ដី​មានការ​ប្រែប្រួល​ច្រើន ដោយ​បរិ​មាណទឹក មានការ​ថយចុះ ឬ​រីង​ហួត​មុន​កាលកំណត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ទាំងនោះ ជាពិសេស​ព្រៃឈើ ក៏​ផ្តល់នូវ​សេវាកម្ម​គាំពារ​បរិស្ថាន​ជាច្រើន​ទៀត ដូចជា​ការការពារ​ទី​ជម្រាល ការទប់ស្កាត់​ការហូរ​ច្រោះ​ដី ការធ្វើឱ្យ​ប្រសើរឡើង​នៃ​គុណភាព​ដី និង​ផ្តល់នូវ ផល​-​អនុផល​ព្រៃឈើ​ជាច្រើន​អនេក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​សហគម​ន៍​នៅ​ជនបទ​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​