ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកំពត​

​កំពត​៖ នា​រសៀល​ថ្ងៃ​សុក្រ ៥​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត​បា​ន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ​ប្រតិភូ​ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​។​

​យោង​អនុក្រឹត្យ​លេខ​២២៥ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ចន្ទ ១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង ថ្ងៃទី ០ ២ ខែកក្កដា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​ភារកិច្ច​លោក អ៊ឹង ឆាយ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ឲ្យ​ទៅកាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកំពត​។

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ឡើងរាយការណ៍​ជូន​អង្គប្រជុំ​នូវ​វឌ្ឍនភាព​ការងារ និង​ភាព​រីកចម្រើន​របស់​ខេត្ត​លើ​គ្រប់​វិស័យ ខេត្តកំពត គឺ​ខេត្ត​មួយ ដែលមាន​អំណោយផល​ល្អ​ពី​ធនធានធម្មជាតិ សម្រាប់​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​។ វិស័យ​សក្តានុពល​រប​ស់​ខេត្ត​មាន​អំបិល រោងចក្រ​ស៊ីម៉ង់ត៍ វា​រី​អគ្គិសនី កសិកម្ម នេសាទ​សមុទ្រ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏បាន​យកចិត្តទុកដាក់​សាងសង់​ជួសជុល និង​កែលម្អ​ជា​បន្តបន្ទាប់ សំដៅ​ប្រែក្លាយ​ទឹកដី​ខេត្តកំពត​ជា​ទឹកដី​ទាក់ទាញ ប្រកបដោយ​ភាពស្រស់​បំព្រង និង​ផាសុខភាព សក្តិ​សមជា​ខេត្ត ដែល​ទទួលបាន​ជ័យលាភី ផ្ការំដួល​បី​ទង និង​ជ័យលាភី ទីក្រុង​ស្អាត​អាស៊ាន​។​

​ថ្លៃ​ង​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជំរុញ​ឱ្យ​លោក​អភិបាលរង​ខេត្ត​ថ្មី ដែល​ទើបតែ​បានទទួល​ចូលកាន់​មុខតំណែង​នាពេលនេះ ត្រូវខិតខំ​រួមសហការ​សាមគ្គី​គ្នា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​បម្រើ​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឱ្យបាន​កាន់តែ​រីកចម្រើន និង​ប្រសើរឡើង​បន្ថែមទៀត ហើយ​ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ពិសេស​ក្នុង​ខេត្តកំពត​ទាំងមូល សំដៅ​ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់ផ្នែក គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ផ្តាំផ្ញើ​ដល់​គណៈបញ្ជាការ​ឯកភាព​គ្រប់​ជាន់ថ្នាក់ ត្រូវខិតខំ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ ដូច​ជាការ​លាងដៃ​នឹង​សាប៊ូ​ឱ្យ​ញឹកញាប់ រក្សា​គម្លាត និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ មេរោគ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​