ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

កិច្ចប្រជុំរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តនានា និងមន្រ្តីពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាព។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាល ដែលក្នុងនោះក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំគ្រប់គ្រងធម្មជាតិនៅតាម តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦៩ កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់កម្ពុជា។

ជាមួយគ្នានោះមន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ កំពុងឈរជើងនៅតាមតំបន់ការពារ ធម្មជាតិ នីមួយៗ ដើម្បីល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមាន ការចូលរួម និងកិច្ចសហការល្អពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូសហការ និងសហគមន៍ មូលដ្ឋាន៕ ដោយ៖ កន ចំណាន(ប្រភព៖ ក្រសួងបរិស្ថាន)