លោក មាស ប៊ុនថុល ត្រូវបានជ្រើសតាំង ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្ដាល

(កណ្តាល)៖ លោក មាស ប៊ុនថុល ត្រូវបានក្រុមប្រឹក្សាខេត្តកណ្តាល ជ្រើសតាំង ជាអនុប្រធានការិយាល័យ ប្រជាពលរដ្ឋ ខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះខណៈដែលបេក្ខជនរូបនេះ ទទួលបានការគាំទ្រ ២៩សំឡេងក្នុងការបោះឆ្នោតចុងក្រោយ ក្នុងចំណោមបេក្ខជន០៤រូបទៀត ដែលបានសំរិតសំរាំង ជ្រើសរើសតាំងពីខែមិនា ឆ្នាំ២០២០មកម៉្លេះ។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបោះឆ្នោត បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យសំរេចការងារនេះ ទទួលបានល្ធផលល្អប្រសើរបំផុត និងបានផ្តាំផ្ញើឲ្យលោក មាស ប៊ុនថុល ដែលទើបជ្រើសតាំងអនុប្រធានការិលយ័ប្រជាពលរដ្ឋ ប្រឹងប្រែងយកអស់សមត្ថភាព ដែលខ្លួនមានបំរើសេវាសាធារណៈ ជូនប្រជាជនអោយបានត្រឹមត្រូវ មានកម្លាភាព ប្រកាន់ភាពយុត្តិធម៌ ក្នុងការងារអោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានបេក្ខជនជាប់ឆ្នោត លេខាធិការក្រុមប្រឹក្សាខេត្ត នឹងត្រូវរៀបចំឯកសារពាក់ព័ន្ធទាំងអស់ទាក់ទងនឹងដំណើរការ នៃនីតិវិធីបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ដាក់ស្នើសុំឯកឧត្តមអភិបាលខេត្ត ពិនិត្យ និងចុះហត្ថលេខា ជូនទៅក្រសួងមហាផ្ទៃ និងផ្ដល់អនុលោមភាព ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃការងារ និងចេញសេចក្ដីប្រកាសទទួលអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល