ក្រសួងសុខាភិបាល និង​អង្គការ​WHO​ប្រចាំ​កម្ពុជា កោតសរសើរ ដល់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា និង​លោកជំទាវ លី អាយ​ឡេ​ន (Li Ailan) ប្រធាន​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO ប្រចាំ​នៅ​កម្ពុជា បាន​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នាពេល​កន្លងមក រហូតមកដល់​បច្ចុប្បន្ន​។​

​លោកជំទាវ ឱ វណ្ណឌី​ន លើកឡើងថា នាពេល​កន្លងមក បន្ទាប់ពី​រកឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ក្នុង​ខេត្ត​នេះ ជា​បន្តបន្ទាប់​អាជ្ញាធរខេត្ត ក៏ដូចជា​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួងសុខាភិបាល មិន​គិត​ឈប់សម្រាក ឬ​យប់​ថ្ងៃ​ឡើយ ព្រមទាំង​បានរៀបចំ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់ និង​វិធី​ការពារ​បាន​យ៉ាង​ទូលំទូលាយ​។ ការខិតខំ​ប្រឹងប្រែង​ទាំងនេះ បានធ្វើ​ឲ្យ​ខេត្តសៀមរាប​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​ទូទាំង​ខេត្ត​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ ក៏បាន​ណែនាំ​ដល់​រដ្ឋបាល ត្រូវតែ​បន្ត​ពង្រឹង​វិធានការ​ការពារ​ការចម្លង​មេរោគ​កូ​វីដ​-១៩​នេះ ឲ្យ​បាន​មុ​ឺ​ង​ម៉ាត់ ក្នុងនោះ​គោលការណ៍ ហ្វា​យ​អ៊ី (5E) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖
១. ស្រាវជ្រាវ​រក​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ឲ្យ​បាន​លឿន​បំផុត​, ២. បើ​រកឃើញ​អ្នកមាន​ផ្ទុក​ហើយ ត្រូវ​ប្រញាប់​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​, ៣. បើសិន​រកឃើញ​ហើយ ត្រូវ​ប្រញាប់​យក​ពួកគាត់​មក​ដាក់​ដោយឡែក​, ៤. នៅពេល​យកមក​ដាក់​ដោយ​ឡែក ត្រូវ​ប្រញាប់​ធ្វើការ​ព្យាបាល និង​៥. ត្រូវធ្វើ​ការបង្ការ និង​ការពារ ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។​

​លោកជំទាវ ប្រធាន​អង្គការ​WHO ប្រចាំ​នៅ​កម្ពុជា បង្ហាញថា លោកជំទាវ នឹង​នៅតែ​បន្ត​គាំទ្រ និង​ធ្វើការ​ជាមួយ​ក្រសួង​ជំនាញ​នានា និង​ឯកឧត្តម លោកជំទាវ​អភិបាលខេត្ត​នៅ​ទូទាំងប្រទេស ដើម្បី​សម្រេច​ការងារ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ក្នុងនោះ មូលនិធិ Trust Fund របស់​អង្គការសហប្រជាជាតិ នឹង​ផ្ដល់​ថវិកា​១​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​ខេត្ត​ចំនួន​៣ របស់​កម្ពុជា ក្នុងនោះ​មាន​ខេត្តសៀមរាប​មួយ​ផងដែរ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាក់ទង​ទៅនឹង​សុខភាព និង​សេដ្ឋកិច្ច បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩​។​

​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបង្ហាញ ពី​ស្មារតី​ប្រុងប្រយ័ត្ន​របស់​អាជ្ញាធរ​ខេត្ត ស្របតាម​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​ការត្រួតពិនិត្យ​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ ចាប់ពី​យន្តហោះ​បាន​ចុះចត និង​ធ្វើ​ការដាក់​ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​បរទេស ដោយមាន​ការ​ទៅ​ទទួល និង​ដឹកជញ្ជូន​ពី​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងសុខាភិបាល និង​ប្រធាន​អង្គការ​WHO ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់នូវ​អនុសាសន៍​ល្អៗ និង​ការគាំទ្រ ចំពោះ​រដ្ឋបាលខេត្ត ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ វិលត្រឡប់​ទៅរក​ភាពល្អប្រសើរ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល ឬ​បញ្ចប់​នាពេល​អនាគត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​