ខេត្តសៀមរាប ដាំ​កូនឈើ​ប្រណិត ៨​ប្រភេទ ជាង​១​ម៉ឺន​៥​ពាន់​ដើម លើ​ផ្ទៃដី​២៥​ហិច​តា ក្នុង​ថ្ងៃ​ទិវា ៩​កក្កដា !

​សៀមរាប​៖​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ កូនឈើ​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​ដើម ត្រូវបាន​ដាំ​លើ​ផ្ទៃដី​២៥​ហិច​តា ក្នុង​ពិធី​ដាំ​កូនឈើ ក្រោម​ប្រធានបទ ( ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ) នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​នៅក្នុង​សេចក្តីរាយការណ៍​របស់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹងថា​៖ នៅលើ​ទីតាំង​ដាំ​កូនឈើ​នេះ កន្លងទៅ​ត្រូវ​ទទួល​ការគំរាមកំហែង ដែល​បង្កឡើង​ដោយ​ជនខិលខូច លួច​ដុត​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ តំបន់​នេះ​ត្រូវបាន​ភ្លើង​ឆេះ​ទាំងស្រុង ។ សម្រាប់​ទិវា​ដាំ​កូនឈើ​ឆ្នាំនេះ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ បានរៀបចំ​ដាំ​កូនឈើ​៨​ប្រភេទ ដើម្បី​ជួសជុល​តំបន់​នេះ​ឡើងវិញ រួមមាន បេង ក្រញូង ធ្នង់ គគីរ ឈើទាល ផ្តៀក កកោះ និង​រំដួល ដែលជា​ប្រភេទ​ឈើប្រណិត និង​ឈើ​មានតម្លៃ​។ ការរៀបចំ​ដាំ​កូនឈើ​នេះ មាន​ចែកចេញជា​ឡូត៍ ក្នុង​១​ហិច​តា​៦២៥​ដើម តាម​ប្រភេទ​កូនឈើ​នីមួយៗ ក្នុង​លក្ខណៈ​ជា​សួន​ភូតគាម​រុក្ខសាស្ត្រ ក្នុង​គោលបំណង​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ខាង​សេដ្ឋកិច្ច បរិស្ថាន ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ទេសចរ​លំហែរ​កំសាន្ត ។​

​ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា​៖ ប្រធានបទ​នៃ​ពិធី​ដាំ​ឈើ​ក្នុងឆ្នាំនេះ សំដៅ​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុងការ​បង្កើន​គម្រប​បៃតង​ឡើងវិញ ( ព្រៃឈើ គឺជា​ជីវិត ) ក្នុងន័យ​ជួយ​ថែទាំ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើឱ្យ​អាកាសធាតុ​មាន​ភាពល្អ​បរិសុទ្ធ​។ ទិវា​ដាំ​ឈើ​នាពេល​នេះដែរ គឺជា​ការ​បំផុល​ចលនា​ឱ្យ​មនុស្ស​ចេះ​ស្រឡាញ់​ព្រៃឈើ និង​និយ័តភាព​ប្រភពទឹក ការពារ​ទី​ជម្រាល និង​ការពារ​ជីវចម្រុះ​ទៀតផង​។​តាមរយៈ​នៃ​ទិវា​ដ៏​មាន​សារសំខាន់​នេះ ឯកឧត្តម បាន​អំពាវនាវ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​កំពុងតែ​បន្តធ្វើ​អាជីវកម្ម​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​ចាប់យក​ដីព្រៃ សូម​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង​ជំនួញ​ដីព្រៃ​ខុសច្បាប់​នេះ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​រាជរដ្ឋាភិបាល​កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

​គួរ​រំលឹក​ដែរ​ថា​៖ ទិវា​ដាំ​ឈើ​នេះ បាន​ចាប់បដិសន្ធិ​ក្នុងសម័យ​សង្គមរាស្ត្រនិយម (​ឆ្នាំ​១៩៥២) គឺជា​បុណ្យ​ប្រពៃណីជាតិ ( ទិវា​ពលកម្ម​ដាំ​ឈើ )​។ ក្នុងទិសដៅ បន្តវេន​ជា​ប្រពៃណី​ពី​សម័យ​សង្គមរាស្ត្រនិយម រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​កំណែទម្រង់​ព្រៃឈើ និង​បានរៀបចំ​បុណ្យ​រុក្ខទិវា​ជា​រៀងរាល់ឆ្នាំ​តាម​បណ្តា​ខេត្ត​-​រាជធានី​ទាំងអស់ ដោយ​កំណត់​យក​ថ្ងៃទី​០៩ ខែកក្កដា ក្រោម​ព្រះរាជាធិបតីភាព​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ឬ​ព្រះរាជតំណាង ក៏ប៉ុន្តែ​ឆ្នាំ​២០២០​នេះ ដោយមាន​វិបត្តិ​កូ​វីត​-១៩ ទិវា​ដាំ​ឈើ ត្រូវបាន​អនុវត្ត​ក្នុង​លក្ខណៈ​តូចៗ តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​