ទឹកកខ្វក់ ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស  សម្អាត ៨ដំណាក់កាល ដោយប្រព័ន្ធសម្អាតកាកសំណល់ដ៏ទំនើប

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ក្រុមហ៊ុន  ខ្មែរ ប៊ែវើរីជីស  មានប្រព័ន្ធសម្អាតកាកសំណល់រាវ    ដែលនាំចូលពី  ប្រទេសបារាំង  និងមានសមត្ថភាពសម្អាតសំណល់រាវ ស្របតាមស្តង់ដារជាតិ   និង   អន្តរជាតិធ្វើឱ្យការផលិតរបស់ក្រុមហ៊ុនមួយនេះប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះ   បរិស្ថាន និងសង្គម។

ប្រព័ន្ធសម្អាតកាកសំណល់រាវនេះ ដំណើរការ ៨ដំណាក់កាល ដែលធ្វើឱ្យការសម្អាត    ទឹកកខ្វក់ បានស្អាតស្ទើរ ១០០ភាគរយ។ ដំណាក់កាលទាំង៨ នោះ រួមមាន៖ ទី១. សំណល់ រាវបញ្ចេញ ពីគ្រប់កន្លែង  ក្នុងរោងចក្រ ត្រូវបានបង្ហូរចូលក្នុងអាងសម្រាប់ ស្តុក ទឹកកខ្វក់។ ទី២. កាកសំណល់រឹង ដែលមានទំហំធំៗ  ត្រូវបានដកចេញពីទឹកនោះ   ដោយកញ្ច្រែង ចម្រោះ។ ទី៣. ទឹកត្រូវបានច្រោះ  មួយដំណាក់កាលទៀត   ដើម្បីដកយកសំណល់រឹង  ដែល មានទំហំធំជាង ៣មីលីម៉ែត្រ  ចេញឱ្យអស់។ ទី៤. ទឹកត្រូវបានកែតម្រូវកម្រិត  PH ឱ្យនៅចន្លោះ ពី ៦.៥ ទៅ៧.៥។ ទី៥.  ទឹកត្រូវបានសម្អាតដោយប្រើប្រព័ន្ធដែលមិន ត្រូវការខ្យល់។ ទី៦.  ទឹកត្រូវបានបញ្ជូនបន្តទៅសម្អាត ដោយប្រព័ន្ធដែលត្រូវការខ្យល់។ ទី៧.   ទឹកត្រូវបានបង្ហូរចូលអាងមួយទៀត  ដើម្បីដកយកកករចេញ  ហើយយកទឹកនោះទៅ សម្អាតបន្ត។ ទី៨. ជាចុងក្រោយ គឺសម្អាតដោយ ផូស្វាត តាម កម្រិតស្តង់ដារ ដែល កំណត់ ដោយក្រសួងបរិស្ថាន ទើបបង្ហូរចូលទៅ ក្នុងបរិស្ថាន។

គួរបញ្ជាក់ថា  រោងចក្រ ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់ខ្ពស់ ចំពោះបរិស្ថាន របស់ សហគមន៍ នៅជុំវិញរោងចក្រ   ដើម្បីធានាឱ្យបានថា ការវិនិយោគរបស់ខ្លួន គឺប្រកបដោ យ និរន្តរភាព៕

ដោយ គង់ សិរីរ័ត្ន