ក្រសួងអប់រំនឹងអនុញ្ញាតឱ្យសាលារៀនមានសុវត្ថិភាពស្តង់ដារខ្ពស់ បើកដំណើរការសាកល្បងដំណាក់កាលទី១ នៅក្នុងខែសីហាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យសាលារៀនដែលមាន សុវត្ថិភាពស្តង់ដារខ្ពស់បើកដំណើរសាល្បងជាដំណាក់កាលទី១ នៅក្នុងខែសីហាខាង មុខនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន  និងកីឡាបានឱ្យដឹងនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការ សម្រេចដ៏ខ្ពង់ ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឱ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូចក្នុងអំឡុងខែសីហា ឆ្នាំ២០២០។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួង សុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាល ភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។

លោកគូសបញ្ជាក់ថា « យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់ សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖ -គ្រឹះស្ថានសិក្សាត្រូវចុះកិច្ច សន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តន៍ លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថាន សាលារៀន និងថ្នាក់រៀនឱ្យស្របតាមស្តង់ដារសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាត សុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស់។ ល»។

អ្នកនាំពាក្យដដែលបានលើកឡើងថា ចំពោះគ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំ តាមគន្លងថ្មី៖ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ ព្រមពីមាតាបិតា។ គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាព សុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។គ្រឹះស្ថានសិក្សាត្រូវតម្រូវឱ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរក មេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្សគ្រឹះស្ថានសិក្សាត្រូវ អនុវត្តន៍វិធានការតម្រូវនានា។

លោកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺង ម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។  ផ្អែកតា មបទពិសាធន៍ និងការវាយតម្លៃការ អនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

ដោយ អ៊ាង ប៊ុនរិទ្ធ