កូនឈើចម្រុះចំនួន៦៤០ដើម ត្រូវបានដាំនៅបរិវេណវត្តភ្នំបេង ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២០

(រតនគិរី)៖ ដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២០នេះ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំង៤ភូមិក្នុងសង្កាត់ កាចាញ បានចូលរួមដាំកូនឈើចម្រុះចំនួន៦៤០ដើម នៅបរិវេណវត្តភ្នំបេង ស្ថិតនៅភូមិ២ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

ឯកឧត្តម ប៊ូ ឡាំ បាន មាន ប្រសាសន៍ថា ពិធីដាំកូនឈើនៅពេលនេះ គឺ ពិតជាមានអត្ថន័យ និងសារសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់យើងទាំងអស់គ្នា ក៏ដូចជាការបំផុសស្មារតីប្រជាពលរដ្ឋ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ឱ្យចូលរួម យ៉ាងសកម្មក្នុងការដាំដុះ និង ថែរក្សាការពារព្រៃឈើ ។

ឯកឧត្តមតំណាងរាស្រ្ត ក៏ បាន ជំរុញអោយបន្តការអនុវត្ដច្បាប់ ដើម្បីទប់ស្កាត់បង្ក្រាប និង លុបបំបាត់ការកាប់រាន ដុត ឈូសឆាយ និង ហ៊ុមព័ទ្ធ កាន់កាប់ដី ព្រៃឈើ របស់ រដ្ឋ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវលិខិតបទដ្ឋានជាច្រើន និង បទបញ្ជាក្នុងការថែរក្សាការពារ និង ពង្រឹងយ៉ាងម៉ឺងម៉ាត់ នូវការគ្រប់គ្រងដី ព្រៃឈើ គ្រប់ប្រភេទ ពី ការបំផ្លាញ ទន្ទ្រាន និងការហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិឯកជន។

ឯកឧត្តម ប៊ូ ឡាំ បានអំពាវនាវដល់ ប្រជា ពល រដ្ឋ អាជ្ញា ធរមាន សមត្ថកិច្ច កង កម្លាំង ប្រដាប់អាវុធ គ្រប់ ប្រភេទ ត្រូវ អនុវត្ដ គោរព តាម ដោយ ស្មារតី យកចិត្ដទុកដាក់ ហើយ ប្រែក្លាយ សកម្ម ភាព អបអរ សា ទរ ទៅជាការភ្ញាក់ រលឹក ដាំ ដើមឈើ គ្រប់ ប្រភេទ ឱ្យ បាន ច្រើន ជា អតិបរិមា នៅ តាម វត្ដ អារាម ភូមិដ្ឋាន ទី សាធា រណៈ ដើម្បី ជា ឧត្ដម ប្រយោជន៍ របស់ ជាតិ យើង។

សូមបញ្ជាក់ថា កូនឈើទាំង៦៤០ដើមដែលបាន ដាំក្នុងបរិវេណវត្តភ្នំបេងរួមមាន៖ កូនឈើប្រភេទ បេង ធ្នុង គគី ដើមត្រាច ដើមពោធិ៍ ដើមក្ងោក និងដើមផ្កា ផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី

សម្រួល៖ ខៀវ យុទ្ធវង្ស