វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដំណើរការឡើងវិញជាលើកដំបូង បន្ទាប់ពីផ្អាកមួយរយៈអំឡុងពេល វិបត្តិកូវីដ-១៩

(កណ្តាល)៖ ក្រុមប្រឹក្សាស្រុកស្អាង បានចាប់ដំណើរការ ជាលើកដំបូងឡើងវិញ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ លើកទី២ អណត្តិទី៣របស់ខ្លួន បន្ទាប់ផ្អាកក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ ។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងបរិបទរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ដែលបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវត្តពោធិវង្ស ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង នៅព្រឹកថ្ងៃទី០៨កក្កដានេះ។

លោក ព្រំ ឈឺន ប្រធានក្រុមប្រឹក្សាស្រុកស្អាង បានលើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបាននូវពត៌មាន ដែលរដ្ឋបាលស្រុក បានអនុវត្តក្នុងឆ្នាំកន្លងមក ហើយក៏ជាឱកាសផ្តល់ជូនដល់ប្រជាពលរដ្ឋបានលើកឡើង នូវសំណួរ និងសំណូមពរ បញ្ហាប្រឈមនានា ជូនក្រុមប្រឹក្សាស្រុក សម្រាប់រដ្ឋបាលស្រុកមានលទ្ធភាពជួយដោះស្រាយ។

ក្នុងវេទិកានេះមានសំណូមពរផ្ទាល់មាត់ និងសរសេរសំណើរសំណូមពរសរុបចំនួន១៣ ចំណុច ពាក់ពន្ធ័និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ។

ដើម្បីឆ្លើយតបទៅសំណើរ និងសំណូមពរ ទាំងនេះ លោក ជឺ គីមហៃ អភិបាលរងស្រុក បានដោះស្រាយនូវសំណូមពរមួយចំនួន ដោយចាត់ឲ្យមន្ត្រីជំនាញបន្តសិក្សារក ដំណោះស្រាយជូនដល់ប្រជាពលរដ្ឋភ្លាមៗ ចំណែក សំណើរនិងសំណូមពរមួយចំនួនទៀត លោកអភិបាលស្រុកនិងយកទៅដាក់បញ្ចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សានិងជុំគណអភិបាលស្រុកដើម្បីពិនិត្យពិភាក្សាដោះស្រាយជូនប្រជាពលរដ្ឋ បន្តទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល