អបអរសារទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក

(ព្រះវិហារ)៖ កាលពីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីអបអរសារទរ ខួប លើកទី១២នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការតំណាងលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

ក្នុងនោះក៏មានការចូលរួមពីលោកមុត ភិសិទ្ធនា អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរព្រះវិហារ ព្រមទាំងកងកម្លាំងទាំង ៣ ។

បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១. ប្រាសាទព្រះវិហារ , នគរបាល បេតិកភណ្ឌ នគរបាលទេសចរណ៍ ឆ្មាំពលករ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប ។

ឯកឧត្តម ជុច ភឿន បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាតែងតែលើកស្ទួយ ជ្រោមជ្រែងវប្បធម៌ជាតិតាមរយៈការជំរុញការអភិរក្ស និងការអភិវឌ្ឍប្រាសាទព្រះវិហារ។ ក៏ដូចជាប្រាសាទបុរាណផ្សេងៗទៀតនៅទូទាំងប្រទេស ។

ឯកឧត្តមតំណាងរាស្ត្រ សួស យ៉ារ៉ា បានថ្លែងថា « ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ មានទឹកមុខសប្បាយរីករាយ ព្រោះថា១២ឆ្នាំ ដែលយើងបានចុះបញ្ជីហើយ គឺយើងមានលទ្ធផលពីមុនមក កន្លែងនេះពុំបានមានសន្តិភាពទេ។ តែឥឡូវនេះយើងបានសន្តិភាពហើយ ទើបយើងមានឱកាស បានពិភាក្សាគ្នា បាននិយាយអំពីប្រវត្តិសាស្ត្របានអួតពីស្នាដៃល្អឯករបស់បេតិកភណ្ឌពិភពលោកដែលជាទ្រព្យសម្បត្តិរបស់ដូនតា ខ្មែរយើង »។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថាមូលហេតុធំបំផុតនៃការចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុង បេតិកភណ្ឌពិភពលោកនេះ យើងមានលទ្ធផលចំនួន៧ ដែលយើងតែងតែនិយាយ ។

លោកបញ្ជាក់ថា ៧ កក្កដា ២០០៨ ដល់ ៧ កក្កដា ឆ្នាំ២០២០ យើងប្រារព្ធខួបលើកទី១២ យើងរក្សាបាននូវ ព្រះវិហារនេះ។ គឺយើងមានឧត្តមភាពមួយ គឺឧត្តមភាពការពារខ្សែក្រវាត់៧ជាន់របស់ដូនតាខ្មែររបស់ប្រជាជាតិខ្មែរ ទាំងមូលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រោមម្លប់ដ៏ត្រជាក់នៃបារមីដ៏ឧត្តុង្គឧត្តម របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងជាការទទួលមរតកមួយជាការតស៊ូរបស់សម្តេចព្រះករុណា ព្រះបរមរតនកោដ ។

លោកតំណាងរាស្ត្របានបញ្ជាក់ទៀតថាខ្សែក្រវាត់ទាំង៧ជាន់ រួមមាន៖ ទី ១. តុលាការក្រុងឡាអេ ឆ្នាំ១៩៦២, ទី ២. បានតុលាការក្រុងឡាអេឆ្នាំ ២០១៣, ទី ៣. យើងបានចុះបញ្ជីទៅក្នុងបេតិកភណ្ឌពិភពលោក ថ្ងៃ ០៧.០៧.២០០៨, ទី ៤.គឺ ការពារជាតិដោយកងទព័ជាតិកងនគរបាលជាតិទាំងមូល កម្លាំងប្រជាជនទាំងអស់ មក បោះទីតាំងកាន់កាប់ជាក់ស្តែងលែងឱ្យគេមកជាន់ដីយើងមួយមីលីម៉ែត្រឡើយ, ទី ៥. គឺតំបន់បេតិកភណ្ឌ បាន បញ្ចូលទៅក្នុងច្បាប់ជាតិតំបន់បេតិកភណ្ឌទាំងមូល២៣,០០០ហិកតានេះជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋពុំមាន អ្នកណាមានសិទ្ធឡើយ, ទី ៦. អន្តរជាតិមានការចូលរួម ពីប្រទេសទាំងអស់ចូលរួមជាកិច្ចសហប្រតិបត្តិការ រួមកសាងនិងជួសជុលប្រាសាទព្រះវិហារឡើងវិញ, ទី ៧. គឺខ្សែក្រវាត់សាមគ្គីភាពជាតិក្រោមទង់សន្តិភាពរបស់ សម័យសម្តេចតេជោ ហ៊ុន សែន យើង នេះឯង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ