អភិបាលរងខេត្ត ចូលរួមបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីកិច្ចលទ្ធកម្មថ្នាក់ខេត្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ

AKP បាត់ដំបង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០–

ព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី នីតិវិធីកិច្ចលទ្ធកម្មថ្នាក់ខេត្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ។

លោក អ៊ុយ សុធាវី វី មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដល់ក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក គណៈកម្មការលទ្ធកម្មឃុំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីអនុវត្តន៍កិច្ចលទ្ធកម្មឱ្យស្របតាមគោលការណ៍ណែនាំ ដោយមានការប្រកួតប្រជែងដោយស្មើភាព តម្លាភាព គណនេយ្យភាព និងប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។

លោក អភិបាលរងខេត្ត បានធ្វើការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់នូវរាល់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ និងចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ បទពិសោធន៍ឱ្យបានសកម្ម និងផុសផុល និងស្នើសុំឱ្យក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវផ្ដល់កិច្ចសហការឱ្យបានល្អជាមួយក្រុមសេវាករទី៦ និងសេវាករទី៩ ដើម្បីពង្រឹងការអនុវត្តកិច្ចលទ្ធកម្មសំណង់នៅគ្រប់ថ្នាក់ឱ្យមានដំណើរការល្អ និងទាន់ពេលវេលា ។

ក្នុងឱកាសនោះលោក អ៊ុយ សុធាវី បានមានប្រសាសន៍បន្តថា គោលបំណងរបស់គម្រោងនេះ គឺសម្រេចឱ្យបាននូវលទ្ធផលសំខាន់ៗចំនួនបីគឺ៖ ទី១. ការកែលម្អហេដ្ឋារចនា  សម្ព័ន្ធជនបទ គាំទ្រផលិតភាពកសិកម្ម និង កែលម្អជីវភាពដោយបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ទី២. ការកែលម្អបរិយាកាសសម្រាប់ការបង្កើតផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និងភាពធន់នឹងអាកាសធាតុ ។ ទី៣.ការគ្រប់គ្រងគម្រោងប្រកប ដោយប្រសិទ្ធភាព ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)