អាជ្ញាធរទន្លេសាប រៀបចំសិក្ខាសាលាស្តីអំពី ដីសើម ធនធានទឹក និងការប្រែប្រួលអាកាសធាតុ និង តំបន់មេគង្គ

AKP ស្ទឹងត្រែង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក ហេង បូរាណ មន្រ្តីបច្ចេក ទេសការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិរបស់អាជ្ញាធរទន្លេសាប បានចូលរួមវេទិកាពិភាក្សាស្តីពី សិក្ខាសាលាបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់លើគោលនយោបាយថ្នាក់ជាតិ ស្តីអំពី «ដីសើម ធនធានទឹក និងការប្រែប្រួលអាកាសធាតុ និងតំបន់មេគង្គ» នៅទីរួមខេត្តស្ទឹងត្រែង។

គោលបំណងនៃវេទិកាពិភាក្សា គឺដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ សហគមន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងទស្សនៈយោបល់ ស្តីពីការប្រែប្រួលនៃអាងទន្លេមេគង្គ។ ចងក្រងឯកសារសម្រាប់ការយល់ដឹង និងផ្សព្វផ្សាយពីកិច្ចការការពារ និងអភិរក្សតំបន់ដីសើម ធនធានទឹក និងឆ្លើយតបការប្រែប្រួលអាកាសធាតុ និង ផ្តល់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ផែនការសកម្មភាពបន្ត ទៀត។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរនានា ជុំវិញខេត្ត នាយកដ្ឋានជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាយខណ្ឌរដ្ឋបាលជលផល គ្រឹះស្ថានបណ្តុះបណ្តាល វិទ្យាស្ថានស្រាវជ្រាវទឹកសាប អង្គការអន្តរជាតិ IUCN និង OXFAM អង្កការសម្ព័ន្ធភាពអភិរក្សធនធានជលផល សហគមន៍នេសាទបឹងទន្លេសាប និងបណ្ដាញសហគមន៍នេសាទខេត្តស្ទឹងត្រែង ៕ ដោយ៖ណយ នឿន (ប្រភពៈអាជ្ញាធរទន្លេសាប)