សម្តេចតេជោ បន្តអំពាវនាវដល់ជនរួមជាតិ យកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩

APP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំបន្តអំពាវនាវដល់ជនរួមជាតិ យកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ។
សម្តេចតេជោ បានលើកឡើងថា »សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩»។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទូចដល់អាណាព្យាបាល ត្រូវក្រើនរំលឹកដល់កូនចៅតូចៗ នៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។

ចំពោះនៅផ្សាររដ្ឋ និងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជន សម្តេចបានស្នើឲ្យមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជន ប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។

ចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ មកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយ បានអនុញ្ញាត្តិឲ្យទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះចំនួន ១៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបាននត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។

សូមបញ្ជាក់ផងដែរថា មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ ១១,៥០០,៣០២នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៣៥,៧៥៩ នាក់តាមការបញ្ជាក់របស់ WHO៕

ដោយ៖ កន ចំណាន