អ្នកឧកញ៉ា ពុង ឃាវសែ ជួយឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ ដល់និស្សិតកម្ពុជា នៅប្រទេសចិន ដើម្បីសម្រួលការធ្វើដំណើរត្រលប់មកប្រទេសវិញ

(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័នខ្មែរចិន នៅកម្ពុជា បានផ្ញើលិខិតជូនចំពោះ លោក អ៊ុំ វុទ្ធទី​ ស្ថាបនិក និងជាប្រធានកិតិ្តយសសមាគមនិស្សិតនៅកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងសំណើសុំការឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ ដើម្បីសម្រួលការធ្វើការដំណើរត្រលប់មកប្រទេសវិញរបស់ និស្សិតកម្ពុជា ចំនួន ២៩ នាក់ ដែលកំពុងមានវត្តមាន និងទើបបញ្ចប់ការសិក្សានៅប្រទេសចិន ។

អ្នកឧកញ៉ា ពុង ឃាវសែ បានយល់ច្បាស់អំពីស្ថានភាពរបស់ និស្សិត កំពុងស្នាក់នៅប្រទេសចិន ក៏ដូចជា និស្សិតទើបបញ្ចប់ការសិក្សា នឹងតម្រូវអោយវិលត្រលប់មក ប្រទេសកម្ពុជាវិញ ដែលកំពុងប្រឈមនឹងបញ្ហាសំបុត្រយន្តហោះ មានតម្លៃខ្ពស់ ក្នុងអំឡុងពេលការរាតត្បាតពីជំងឺកូវីដ-១៩ ។

ដើម្បីជួយសម្រួលបន្ទុកដល់និស្សិតកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចជួយឧបត្ថម្ភដល់និស្សិត ២៩ នាក់ ដែលក្នុង ១ នាក់ ចំនួន ៥០០ ដុល្លារ អាមេរិក សរុបទឹកប្រាក់ ចំនួន ១៤,៥០០ ដុល្លារ អាមេរិក សម្រាប់ការទិញសំបុត្រយន្តហោះធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ។

ប្រធានសមាគមសម្ព័នខ្មែរចិន នៅកម្ពុជា ក៏បានជូនពរដល់និស្សិតទាំងអស់ដែលកំពុងសិក្សានៅប្រទេសចិន ក៏ដូចជានិស្សិតដែលនឹងត្រលប់មកប្រទេសកម្ពុជាវិញ មានសុខភាពល្អ និងវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕

ដោយ៖ ខៀវ យុទ្ធវង្ស