ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះ​ប្រភេទ​ពូជឈើ​កម្រ​៥​ប្រភេទ​នៅ​កម្ពុជា !

​សៀមរាប​៖ ព្រៃឈើ គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​រមណីយដ្ឋាន​អង្គរ និង​បាន​បំពេញ​តួនាទី​ស្នូល​ក្នុងការ​បង្កើន​គម្រប​ព្រៃឈើ បរិស្ថាន និង​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្នុងន័យនេះ ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា ជា​ស្ថានីយ​មួយ​ក្នុងចំណោម​ស្ថានីយ​ទាំង​៤ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការងារ​បណ្ដុះ​កូនឈើ​សម្រាប់​ដាំ​ដុះ​ទាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ការ​ចែកចាយ​ជូនទៅ​ដាំ​នៅ​ខាងក្រៅ​រមណីយដ្ឋាន​អង្គរ​។​

លោក ស៊ិន សុ​ផា​ណា​រ៉េត បុគ្គលិក​ទទួលបន្ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​កក្ត​ដា​នេះ​ថា ក្នុងចំណោម​ប្រភេទ​កូនឈើ​ជាច្រើន​ដើម ស្ថានីយ​នេះ​បាន​បណ្ដុះ​ប្រភេទ​ឈើប្រណិត​កម្រ​ចំនួន​៥​ប្រភេទ​នៅ​កម្ពុជា ដូចជា​ឈើ​បេង​, ឈើ​គ្រញូង​, ឈើ​ធ្នង់​, ឈើ​ច្រេះ និង​ឈើ​នាងនួន​។ ស្ថានីយ​បណ្តុះ​ប្រភេទ​កូនឈើ​ទាំងនោះ​ដោយ​ធ្វើការ​ប្រមូល​គ្រាប់ពូជ​ពី​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ ការផ្តល់​ដោយ​វិស័យ​ឯកជន និង​ទិញ​ពី​ផ្សារ ដូចជា​ឈើ​នាងនួន​ជាដើម​។

​លោក​បន្តថា ក្នុង​មួយឆ្នាំៗ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា​អាចមាន​លទ្ធភាព​បណ្ដុះ​កូនឈើ​ជា​មធ្យម​ជាង​២​ម៉ឺន​ដើម តែ​សម្រាប់​ឆ្នាំមុន ស្ថានីយ​បាន​បណ្ដុះ​រហូតដល់​ជិត​៥​ម៉ឺន​ដើម​។ ប៉ុន្តែ​ការបណ្ដុះ​កូនឈើ​ទាំងនេះ​មានការ​លំបាក​បន្ដិច ដោយសារ​ពូជឈើ​ខ្លះ​ដូចជា​បេង ត្រូវការ​ស្រុះទឹកក្ដៅ និង​កាប់​ច្រៀក​វា​សិន ទើប​កូនឈើ​ទាំងនោះ​ឆាប់​ដុះ និង​ដុះ​ក្នុង​បរិមាណ​ច្រើន​។​
សូម​ជម្រាបជូន​ថា ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ដាំ​ដើមឈើ​បំពេញបន្ថែម​ជាច្រើន​មុ​ឺ​ន​ដើម ដើម្បី​បង្កើន​គម្រប​ព្រៃឈើ និង​ទ្រទ្រង់​បរិស្ថាន​នៅក្នុង​តំបន់​អង្គរ ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ប្រណិត​មួយ​នេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​