ឯកឧត្តម​ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២៧​គ្រួសារ ក្នុងស្រុក​ជុំ​គី​រី​

​កំពត​៖ ព្រឹក​ថ្ងៃ​អង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ ឯកឧត្តម នៃ គង់ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមយុវជន​ស​.​ស​.​យ​.​ក​ខេត្ត ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ជុំ​គី​រី និង​មន្ត្រីរដ្ឋបាល​ស្រុក​ជុំ​គី​រី បាន​ចុះ​ជួប សំណេះសំណាល សួរសុខទុក្ខ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្តកំពត​។ ក្នុងនោះ ឯកឧត្តម​ប្រធាន​ក៏​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ចំនួន ២៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​៖ អង្ករ ២០kg មី ១​កេស ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកបរិសុទ្ធ ១​កេស អំបិល ១kg ថវិកា​២០,០០០៛ កងកំលាំង ១០​នាក់ ម្នាក់ៗ​ទទួលបាន ២០,០០០៛ និង​បានផ្តល់​ពូជ​មាន់​សម្រាប់ ៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​កូន​មាន់​ចំនួន ១០​ក្បាល ។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​ក៍បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការដាំ​ដំណាំ​កសិកម្ម ពង្រីក​ការដាំដុះ​ដំណាំ​រួមផ្សំ ព្រោះ​វា​អាចជួយ​សំរួល​ដល់​ការហូបចុក​ប្រចាំថ្ងៃ និង​លើសពីនេះ​ទៀត​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​របស់​បងប្អូន​ផងដែរ ។ ។ មុននឹង​បញ្ចប់ ឯកឧត្តម​ប្រធាន​បាន​បន្ត​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវការពារ​ខ្លួន​ពី​កូ​វីដ​១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ទោះបី​នៅ​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ តិចតួច​ក៏ដោយ ។

​បន្ទាប់មក ឯកឧត្តម​ប្រធាន និង​ក្រុមការងារ​បាន​បន្តដំណើ​រ​ចុះ​ពិនិត្យ​ដោយផ្ទាល់ ដល់​សួន​បន្លែ និង​កន្លែង​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច្រេស ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​