ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋករខេត្តព្រៃវែង

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ សាខាគយ និងរដ្ឋករខេត្តព្រៃវែង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋករខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត និងឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគយ និងរដ្ឋាករ លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ពន្ធជាច្រើនរូបទៀត។

ចំពោះការប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនោះ លោក មួង ដារ៉ា ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ជំនួសលោក កាំង លាង ដែលត្រូវទទួលមុខតំណែងថ្មីជាប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរាប ។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងចាស់រយៈពេលដែលខ្លួនបំពេញការងារកន្លងមកនោះ ។ ឯកឧត្ដម ក៏សូមផ្តាំផ្ញើដល់ប្រធានសាខាគយ និងរដ្ឋាករ ដែលនឹងឡើងកាន់តំណែងថ្មីនេះត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវធានាជំរុញការអនុវត្តការងារគយ និងរដ្ឋាករប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់បំផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាព ដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរបស់មន្ត្រីរាជការគយ និងរដ្ឋាករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង