ពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីនោះទេគិតត្រឹមព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ យោងតាមការផ្សាយចេញពីបណ្តាញសង្គមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង​ ៩និង០០​ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០​នេះ ក្រសួងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មីទេ​ ដែលធ្វើឲ្យចំនួនសរុបកូវីដ-១៩​ នៅ១៤១នាក់​ដដែល, អ្នកជំងឺកំពុងសំរាកព្យាបាលមាន១០នាក់​, ជាសះស្បើយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន​។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ នាយកដ្ឋានខាងលើ បានអំពាវនាវដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ និងត្រូវបន្តអនុវត្តគម្លាតសង្គម​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។

ជាមួយគ្នានោះ ខណៈដែលប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានស្នើដល់ប្រជាជនកម្ពុជា បន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា  និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

គួរបញ្ជាក់ផងដែរថា កម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០។ ហើយរហូតមកដល់ពេលនេះ ក្រសួងបានធ្វេីតេស្តចំនួន​ ៤១០៨០ ស្មេីនឹង​ ២៤៧៤ ក្នុង១លាននាក់៕ ដោយ៖ កន ចំណាន