បន្ទប់សង្គ្រោះបន្ទាន់​ថ្មី​ចំនួន​២ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ត្រូវបាន​សាងសង់ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ និង​ទារ​កដោយ​មិន​គិតថ្លៃ !

​សៀមរាប​៖ បន្ទប់សង្គ្រោះបន្ទាន់​កុមារ និង​បន្ទប់សង្គ្រោះបន្ទាន់​ទារក​ក្រោយពេល​សម្រាល នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​សៀមរាប ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្រោម​ជំនួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ និង​ទារ​កនៅ​កម្ពុជា ដោយ​មិន​គិតថ្លៃ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា ប្រធាន​មន្ទី​ពេទ្យ​ជ័យ​វរ្ម័នទី​៧ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា បន្ទប់សង្គ្រោះបន្ទាន់​ថ្មី​ទាំងពីរ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​សម្រួល​ដល់​ការជួយ​សង្គ្រោះ​ជីវិត​កុមារ និង​ទារក​ដែល​ទើបនឹង​សម្រាលកូន មកពី​គ្រប់​តំបន់​នៃ​ប្រទេស​កម្ពុជា​។​

​លោក​សាស្ត្រាចារ្យ ក៏បាន​លើកឡើង​ផងដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ ស្ត្រី​ដែល​បានមក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​នេះ នៅតែមាន​អត្រា​ខ្ពស់​ដដែល គឺ​ប្រមាណ​ពី ៤០០​ទៅ​៦០០​នាក់​ក្នុង​មួយថ្ងៃៗ ស្ត្រី​សម្រាលកូន​មាន​ពី​៧០ ដល់​១០០​នាក់​ក្នុង​មួយថ្ងៃ ក្នុងនេះ​មានការ​វះកាត់​ពី​១០​ទៅ​១៥​ករណី ដោយឡែក​មានការ​វះកាត់​ទូទៅ​កុមារ មាន​ជា​មធ្យម​៣០​នាក់​ក្នុង​មួយថ្ងៃ​។

​មានប្រសាសន៍​ក្នុងឱកាស​ចុះ​ពិនិត្យ ការដាក់​ឲ្យ​ដំណើរការ​បន្ទប់សង្គ្រោះបន្ទាន់​កុមារ និង​បន្ទប់សង្គ្រោះបន្ទាន់​ទារក​ក្រោយពេល​សម្រាលកូន នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​សៀមរាប ឯកឧត្តម​បណ្ឌិត ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បង្ហាញថា បន្ទប់សង្គ្រោះបន្ទាន់​ថ្មី​ទាំងពីរ​នេះ ទទួលបាន​វិភាគទាន​ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ជា​ទឹកប្រាក់ ១​លាន​ដុល្លារ​អា​មេ​រិច ដើម្បី​ដំណើរការ​សាងសង់​អាគា​រ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​។

​ឯកឧត្តម​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុងការ​ចូលរួម​វិភាគទាន​សាងសង់ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​កុមារ និង​ទារក ដែល​លើក​០១ ធ្វើឡើង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​នៃ​អគារ​គន្ធបុប្ផា មុនីនាថ សីហមុនី កាលពី​ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ ដោយ​បន្ថែម​ពីលើ​ការចូលរួម​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជាប្រចាំ ដល់​កិច្ចដំណើរការ​របស់​ម​ន្ទី​ពេទ្យ​គន្ធបុប្ផា​។​

​សូមជម្រាបថា​៖ បន្ទប់សង្គ្រោះបន្ទាន់​ទារក​ក្រោយពេល​សម្រាល នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ខេត្តសៀមរាប ចាប់ផ្ដើម​ដំណើរ​ការផ្ដល់សេវា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ និង​បន្ទប់សង្គ្រោះបន្ទាន់​កុមារ ចាប់ផ្ដើម​ដំណើរ​ការផ្ដល់សេវា នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ដែរថា​៖ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​០៥​ទីតាំង បានផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​រាប់ម៉ឺន​នាក់​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​ការចំណាយ​ថវិកា​ប្រមាណ​ពី ៤៥​លាន ទៅ ៥០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ ថវិកា​ចំណាយ​ទាំងនេះ ទទួលបាន​មកពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ រួមមាន មូលនិធិ​គន្ធបុប្ផា​ស្វី​ស ឬ​មូលនិធិ​គន្ធបុប្ផា Dr. Beat Richner, និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​នាំមក​នូវ​ស្នាមញញឹម​ដល់​កុមារ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ក្រោម​ពាក្យស្លោក “​ខ្មែរ​ជួយ​ខ្មែរ​” និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ​រាប់លាន​នាក់​នៅ​កម្ពុជា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​