ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ

(រតនគិរី)៖ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែអាសាឍ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តរតនគិរី ក្នុងស្រុកចំនួន៣គឺ ស្រុកអណ្តូងមាស ចំនួន១១ អណ្ដូង និងជួសជុល៤ ស្រុកបកែវ ចំនួន ២ អណ្ដូង និងស្រុកលំផាត់ ចំនួន១៦ អណ្ដូង ដែលមានប្រជាជន សរុបចំនួន ១.២៨១ គ្រួសារ ស្មើនឹង ៦.២៨៣ នាក់ ស្រី ៣.១៤១នាក់ និងនាំយកនូវអំណោយ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ សរុបចំនួន ២០គ្រួសារ ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងភូមិតាណងក្នុង ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុន បានពាំ នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ យកចិត្តទុកដាក់ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក ប្រើប្រាស់ជាចាំបាច់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ថង សាវុន ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជម្ងឺកូវីត ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១ នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយ ត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាម លេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តអំពានាវ ដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបចុកស្អាត កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុង ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពីគ្រឿង ញៀនព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគត របស់ក្មេងៗ និងក្រុមគ្រួសារផងដែរ។

ជាមួយគ្នានេះ សាខាបានប្រគល់ អាវពោង ចំនួន៣០ ជូនអនុសាខាសម្រាប់ប្រើប្រាស់ពេលទឹកជំនន់ និងបានផ្សព្វផ្សាយ ចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត ១៩ប័ណ្ណសុវត្ថិភាពចរាចរណ៍ ប័ណ្ណចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ចូលរួមទាំងអស់ផងដែរ។

អំណោយមនុស្សធម៌ដែលនាំយកមកចែកជូននៅពេលនោះរួមមាន៖ អង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ អាវយឺត១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ៕ ដោយ មន្ទីរព័ត៌មានខេត្តរតនគិរី