ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងប្រធានសាខាគយ និងរដ្ឋករខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករខេត្តស្វាយរៀង និងប្រធានការិយាល័យគយនិងរដ្ឋាករព្រៃវល្លិ៍ ក្រោមអធិបតីភាពឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគយ និងរដ្ឋាករ លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ពន្ធជាច្រើនរូបទៀត។

ឯកឧត្ដម សុខ រស់ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងប្រធានការិយាល័យគយនិងរដ្ឋាករព្រៃវល្លិ៍ ត្រូវធានាជំរុញការអនុវត្តការងារគយ និងរដ្ឋាករប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់បំផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាព ដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរបស់មន្ត្រីរាជការគយ និងរដ្ឋាករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែងថា «ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ»។

សូមបញ្ជាក់ថា លោក ហេង សំបូរ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងជំនួសលោក ខៀវ សារឿន ដែលត្រូវទទួលមុខតំណែងថ្មីជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ និងប្រកាសលោក ចាន់ តារា ជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាយអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕ ដោយ មន្ទីរព័ត៍មានខេត្តស្វាយរៀង