នារសៀលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងនាំទ័យទាន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក

APP ភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គ្រោងនឹងនាំទ័យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។ នេះបើយោងតាមការបង្ហោះសារ លើបណ្តាញទំនាក់ទំនងហ្វេសប៊ុកផេក ផ្លូវការរបស់សម្តេចនាព្រឹកនេះ។

ជាមួយគ្នានោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមផ្ញើសេចក្តីនឹករឮក ដល់បងប្អូនជនរួមជាតិ  និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលបាននាំយកទៀនព្រះវស្សា នឹងទ័យទាន ចង្ហាន់ជាច្រើនទៀត ប្រគេនដល់វត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។

សម្តេចក៏សូមអរគុណដល់ សម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់ បងប្អូនប្រជាជនកម្ពុជា បន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕ ដោយ៖ កន ចំណាន