ឯកឧត្តម​ទេសរដ្ឋមន្ត្រី សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ” អាងទឹក​តេ​ជោ​បុ​ស្បូវ “

​ខេត្តព្រះវិហារ​៖​ឯកឧត្តម​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​បន្ត​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​។ រួមគ្នា​ថែរក្សា​សុខសន្តិភាព​ដែល​ដណ្តើមបាន​ដោយ​ពិបាក តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ឱ្យនៅ​ស្ថិតស្ថេរ​គង់​វ​ង្យ ដើម្បីឱ្យ​ប្រទេសជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​តទៅទៀត ។

​ការអំពាវនាវ​បែបនេះ​របស់​ទេសរដ្ឋមន្ត្រី​មាស​សុភា​បានធ្វើ ឡើង​នៅ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា ផ្លូវការ « អាងទឹក​តេ​ជោ​បុ​ស្បូវ » ស្ថិតនៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ជាមួយគ្នានេះដែរ​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែងថា ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន សុខសន្តិភាព ទើប​មានឱកាស​បាន​ជួបជុំគ្នា​មានឱកាស​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ។

លោ​កថា​ជាក់ស្តែង​ភូមិ​តេ​ជោ​បុ​ស្បូវ ដែល​ស្ថិត​លើ​ខ្នងភ្នំ​ដងរែក​នេះ​កាល​មុន​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​ថៃ​គឺ មិនសូវមាន​ប្រជាពលរដ្ឋ​រស់នៅ​នោះទេ​ប៉ុន្តែ​ក្រោយ ព្រឹត្តិការណ៍​គឺ ប្រជាពលរដ្ឋ​មក​រស់នៅ​ច្រើន​ដែល​ភាគច្រើន​ជា​គ្រួសារ​កងទ័ព​គ្រួសារ​កង​នគរបាលជាតិ និង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ ។

លោក ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជាក់ស្តែង « អាងទឹក​តេ​ជោ​បុ​ស្បូវ » ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ពេលនេះ​គឺ បាន​កើតឡើង​តាមរយៈ​អង្គ​វេទិកាសាធារណៈ​របស់ ក្រុមការងារ រាជរដ្ឋាភិបាល​។ ដែល​ប្រជាពលរដ្ឋ​បានស្នើរ​សុំ​ដោយសារ​នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​នៅលើ​ភ្នំ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដើម្បី ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​បាន សហការគ្នា​ដោយមាន​ការចូលរួម​ពី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​អង្ក​ការ​ស៊ីម៉ាក់​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ដោយបាន​ឧបត្ថម្ភ​ថវិកា​ពី មូលនិធិ​ប្រទេស​ចិន ទើប​អាច​សាងសង់​អាងទឹក​នេះ​បានសម្រេច ។

លោក​ទេសរដ្ឋមន្ត្រី​មាស សុភា ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ថា​ក្រៅពី​អាងទឹក​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នៅថ្ងៃនេះ​គឺ ប្រជាពលរដ្ឋ​នៅទីនេះ​នឹង ទទួលបាន​សមិទ្ធផល​ថ្មីៗ​ជា​បន្តទៀត ។ ដូចជា​ផ្លូវ​កៅស៊ូ​ប្រវែង​២៤​គីឡូម៉ែត្រ ពី​ឃុំ​ស្រអែម មក​ភូមិ​តេ​ជោ​បុ​ស្បូវ ស្រះ​ទឹក​ទំហំ​៥០​ម៉ែត្រ គុណ​៥០​ម៉ែត្រ នឹង​អណ្តូងស្នប់​២ ទៀត​ដែលជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​