អាជ្ញាធរជាតិអប្សរាប្រកាសថា គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្តនឹងបញ្ចប់នៅចុងឆ្នាំ២០២០

APP ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០–

(សៀមរាប)៖គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងកែលម្អសួន ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅខាងមុខប្រាសាទអង្គរវត្ត អនុវត្តបានប្រមាណ៦០ភាគរយហើយ នឹងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ នេះបើតាមការឱ្យពីលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល បន្ថែមថា គម្រោងកែលម្អសួននេះ បានចាប់ផ្តើមអនុវត្តតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ គម្រោងនេះ មានគោលបំណង កែប្រែបរិវេណខាងមុខប្រាសាទអង្គរវត្ត ឲ្យមានសោភណ្ឌភាព និងប្រែក្លាយជា សួនច្បារបៃតង សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសោភណ្ឌភាពនៅខាងមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ គឺអាជ្ញាធរក៏មានគម្រោងជាច្រើនទៀត ដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្តគឺ កិច្ចការងារជួសជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងបរិវេណវង់ធំ ព្រមទាំងកិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួនទៀត និងការងារពង្រីកគម្របព្រៃឈើ ទាំងក្នុង និងក្រៅបរិវេណប្រាសាទអង្គរផងដែរ។

គួរជម្រាបផងដែរ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានចុះពិនិត្យនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងស្នើដល់ក្រុមការងារពាក់ព័ន្ធនានា សិក្សាពីគម្រោងសង់បង្គន់អនាម័យមួយកន្លែងទៀតក្បែរចំណតរថយន្តបច្ចុប្បន្ន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវទេសចរនាពេលអនាគត៕ ដោយ៖មន្ទីរព័ត៌មានខេត្តសៀមរាប