គ្រួសារ​ងាយ​រងគ្រោះ ចំនួន ៥​គ្រួសារ នៅ​ឃុំ​ឈានឡើង បានទទួល​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សាមគ្គី​មានជ័យ​

​សាមគ្គី​មានជ័យ​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ឈួន ចាន់ណា ប្រធាន​គណៈកម្មាធិការ​អនុសាខា និង​លោកស្រី ជា ម៉ៅ អនុប្រធាន​គណៈកម្មាធិកា​រ រួមជាមួយ​មន្ត្រី​អនុសាខា​កាកបាទក្រហម​ស្រុក​សាមគ្គី​ុ​មានជ័យ បាន​នាំយក​អំណោយ​ជូន​គ្រួសារ​ងាយ​រងគ្រោះ ចំនួន ០៥​គ្រួសារ នៅ​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។

​ក្នុងឱកាស​នោះ លោក​ប្រធាន​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​សួរសុខទុក្ខ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូ​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ លោក​តែងតែ​ដោះស្រាយ សម្រាលទុក្ខ​លំបាក​ទាំង​នោះ​តាមរយៈ​អនុសាខា​ស្រុក​សាខា​សាមគ្គី​មានជ័យ ដែល​បាន​យក​អំណោយ​មក​ជូន​នាពេលនេះ​។

​អំណោយ​ទាំងនេះ បាន​ជួយ​សម្រាល​បញ្ហា​ខ្វះខាត​បាន​មួយចំណែក​ដល់​លោកយាយ​សម្រាប់​ដោះស្រាយ​ជីវភាព​មួយរយៈ​ខ្លី​ផងដែរ​។ ជាមួយគ្នា​នោះ លោក​ប្រធាន​ក៏បាន​ណែនាំ​អំពី​វិធីសាស្ត្រ វិធានការ​ការពារ​ពី​ការឆ្លង​ដោយ​ជំងឺ​ផ្សេងៗ អនាម័យ​ជានិច្ច គឺ​ហូប​ស្អាត រស់នៅ​ស្អាត ផឹក​ស្អាត ជាពិសេស​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​។ អំណោយ​នាំយកទៅ​ប្រគល់ជូន ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម​, មី​ម៉ាៗ ១​កេស ៕​