ការ​ចិ​ញ្ចឹ​មាន់​តាម​លក្ខណ​:​ធម្មជាតិ នៅតែមាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ ទោះ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ !

​សៀមរាប​៖ ការ​ចិ​ញ្ចឹ​មាន់​តាម​លក្ខណ​:​ធម្មជាតិ ឬ​គេ​និយម​ហៅថា មាន់​ស្រែ តែមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ ទោះបី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​អូសបន្លាយ​យ៉ាងណាក្ដី​។ ជាក់ស្ដែង បុរស​ម្នាក់ រស់នៅ​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បង្ហាញថា គាត់​អាច​រកចំណូលបាន​ប្រហែល​៧០០​ដុល្លារ​ក្នុង​មួយខែ ពី​ការលក់​សាច់មាន់​នេះ​។​

​លោក ចៅ មាន ម្ចាស់​កសិដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ការចិញ្ចឹម​មាន់​តាម​ល​ក្ខ​ណ​:​ធម្មជាតិ​មានដំណើរ​ការល្អ​ណាស់ បច្ចុប្បន្ន​លោក​មាន មាន់ពូជ​ប្រមាណ​ជាង​៥០០​ក្បាល​សម្រាប់​ផលិត​កូន​លក់ ដោយ​ក្នុង​មួយខែៗ​គិត​ជា​មធ្យម លោក​អាច​លក់​កូន​មាន់បាន​ចាប់ពី​១៥០០​ទៅ​១៧០០​ក្បាល​។​

​លោក ក៏បាន​បញ្ជាក់​ផងដែរ​ថា ការចាប់ផ្ដើម​ចិ​ញ្ជឹ​ម​មាន់ របស់លោក​ទទួល​ការបរាជ័យ​កាលពីមុន​ឆ្នាំ​២០១៩ ។ ប៉ុន្តែ​លោក​ពុំបាន​ចុះចាញ់​ទេ ហើយ​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែម ជា​លទ្ធផល​រយ​:​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ការចិញ្ចឹម​មាន់​របស់​លោក​ទទួលបាន​ជោគជ័យ​ជាមួយ​នោះ លោក​បាន​ចងក្រង​ក្រុម​អ្នក​ចិញ្ចឹម​មាន់​ស្រែ ដែលមាន​សមាជិក​ប្រមាណ​៣០​នាក់​។ ក្នុងនាម​ជា​មេក្រុម លោក ចៅ មាន បាន​ធានា​ការផ្គត់ផ្គង់​កូន​មាន់ និង​ទិញ​សាច់មាន់​មកវិញ​ពី​កូនក្រុម​ជា​អ្នក​ចិញ្ចឹម យកមក​ផ្គត់ផ្គង់​ដល់​ម្ចាស់​រមណីយដ្ឋាន​នានា​ផងដែរ​។

​តាមរយ​:​យន្តការ​ចងក្រង​ជា​ក្រុម​នេះ បានធ្វើ​ឲ្យ​តម្លៃ​សាច់មាន់​ក្នុង​សហគមន៍​របស់លោក មានតម្លៃ​ល្អ និង​ធានា​ដល់​ការចិញ្ចឹម និង​ការផ្គត់ផ្គង់​ទីផ្សារ​។​
​លោក​បន្ថែមថា ការចិញ្ចឹម​មាន់​ស្រែ​ជា​ក្រុម​នេះ​គឺមាន​ការ​ទុក​ចិ​ត្ដ​ពី​អតិថិជន​ជាខ្លាំង ព្រោះ​វា​ជា​ផលិតផល​ដែល​កើតចេញពី​ការបណ្ដុះបណ្ដាល​ពី​អ្នកជំនាញ​កសិកម្ម​។​

​ទន្ទឹម​នោះ លោក​ក៏បាន​អំពាវនាវ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ សូមជួយ​រក​ទីផ្សារ​បន្ថែម​ជូន​កសិក​រ ព្រមទាំង​ជួយផ្តល់​អ្នកជំនាញ​មក​បណ្តុះបណ្តាល​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​លើកកម្ពស់​ដល់​ជីវភាព​ប្រជាកសិករ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​