ពិធីប្រគល់និង ទទួលអំណោយរបស់សប្បុរសជន ដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលទេយ្យទានពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ ឧត្តមប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងទទួលអំណោយពីថ្នាក់ដឹកនាំឥស្លាមសាសនា ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជនក្នុងខេត្តផងដែរ ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ។

មានថេរដីកានាឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាថា ទេយ្យទានទាំងអស់នេះ ទទួលបានមកពីព្រះសង្ឃ និងពុទ្ធបរិស័ទដែលប្រគេនព្រះអង្គ ហើយព្រះអង្គ និងព្រះសង្ឃដែលមានវត្តមាននៅទីនេះ សូមចែករំលែក និងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះនានាក្នុងខេត្ត។ ព្រះអង្គមានសង្ឃដីកាបន្ថែថា គ្រប់សាសនាទាំងអស់ក្នុងលោក បានអប់រំមនុស្សឱ្យចេះស្រលាញ់គ្នា ចេះជួយគ្នាក្នុងគ្រាក្រលំបាក ទោះតិចក្ដីច្រើនក្ដី ។

ក្នុងឱកាសនេះដែរតំណាងសាសនាឥស្លាម និងសាសនាគ្រឹស្ទ ក៏បានលើកឡើងផងដែរថា អំណោយដែលនឹងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត នាពេលនេះគឺបានមកពីបរិស័ទនៃសាសនាទាំង២ ដែលជាទឹកចិត្តក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា ថា “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏សប្បុរសរបស់ព្រះអង្គ និងទឹកចិត្តពុទ្ធបរិស័ទ ឥស្លាម ព្រមទាំងគ្រឹស្ទបរិស័ទ និងសប្បុរសជន ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពីទឹកព្រះទ័យ និងទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងព្រះកាយវិកា និងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវអំណោយ និងថវិកាទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
អំណោយ ទទួលបាននាពេលនោះរួមមាន៖
– ថវិកា ៥៤,០៩៨,៥០០រៀល និង ១៦,០០០ដុល្លារ
– អង្ករ ២តោន២០០គីឡូក្រាម, មី៣៨កេស, ទឹកត្រី២៥យួរ, ទឹកស៊ីអ៊ីវ៤៧យួរ និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប