អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់អភិរក្សសត្វស្លាប និងព្រៃលិចទឹក ក្នុងស្រុកក្រូចឆ្មារ នឹងក្លាយជាមណ្ឌលទេសចរណ៏ធម្មជាតិ

(ត្បូងឃ្មុំ)៖ ”តំបន់អភិរក្សសត្វស្លាប និងព្រៃលិចទឹក ក្នុងស្រុកក្រូចឆ្មារ នឹងក្លាយជាមណ្ឌលទេសចរណ៏ធម្មជាតិ” សូមអរគុណគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមកាងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្លែងបែបនេះ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច និងបឹងកណ្តេរ រួមទាំងទីតាំងច្រាំងបាក់ (នៅខាងក្រោយគេហដ្ឋាន សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៏នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ថ្វីត្បិតតែដំណាក់កាលនេះ ប្រទេសយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩មែន តែការងារអភិវឌ្ឍន៍ នៅតែធ្វើបន្តឥតឈប់ឈរ ជាក់ស្តែងនៅថ្ងៃនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ មានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត រួមទាំងរដ្ឋបាលស្រុកក្រូចឆ្មារ និងអ្នកពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់ ក្នុងតំបន់នេះ ក្នុងការកសាង ឲ្យបានប្រសើរ ឡើងវិញ ហើយយើងទាំងអស់គ្នាត្រូវតែការពារឲ្យបានគង់វង្ស ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាទីតាំងទំនប់ទាំងនោះអោយបានល្អ ដោយរក្សាបានសត្វស្លាបធម្មជាតិ និង កន្លែងជម្រកត្រីពងកូន ព្រមទាំងជំរុញឲ្យពលរដ្ឋលើកកម្ពស់បរិស្ថាន ទុកសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា ក្នុងន័យដើម្បីស្តារ និងអភិរក្សតំបន់ដីសើម ឲ្យបានប្រសើរឡើងវិញ ដើម្បីជាប្រភពសម្រាប់បង្កើតជម្រកមច្ឆាជាតិ និងជីវចម្រុះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា តាមចក្ខុវិស័យនឹងអភិវឌ្ឍន៍ប្រែក្លាយពីតំបន់ព្រៃរនាម ទៅជាជំរកត្រីពងកូន និងតំបន់ដីសើមមួយនេះ ឱ្យក្លាយទៅជាកន្លែង អភិរក្សបរិស្ថាន វិទ្យាសាស្ត្រអេកូទេសចរណ៍ និងជាទីពិសោធន៍ជីវ:ចំរុះរបស់ខេត្តត្បូងឃ្មុំ សំរាប់កូនខ្មែរជំនាន់ក្រោយៗទៀតផងដែរ។

បន្ទាប់មក បានបន្តដំណើរចុះពិនិត្យទីតាំងច្រាំងបាក់ (នៅខាងក្រោយគេហដ្ឋានសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) គឺសិ្ថតនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ មានប្រវែង៥០០មែត្រ និងទីតាំងបាក់ច្រាំងមួយ កន្លែងទៀត ស្ថិតនៅវត្តហ្លួង (ហៅវត្តកណ្តាល) មានប្រវែង ៤០០ ម៉ែត្រ ដែលឥឡូវនេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំកំពុងបូមខ្សាច់ដាក់បាវអាចរក្សាបានរហូត៦០ឆ្នាំទើបពុកផុយ ដើម្បីទប់ច្រាំងកុំអោយបាក់បន្តទៀត។   

បើតាមលោក សយ ទូច អភិបាលស្រុក បានអោយដឹងថា ការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច និងបឹងកណ្តេរ គឺជាប្រភពទឹកផង និងជាកន្លែងផ្តល់ជម្រកត្រីផងដែរ ពិសេសសម្រាប់ប្រជាកសិករច្រើនជាង៤០០០គ្រួសារ ប្រើប្រាស់ទឹកក្នុងការធ្វើស្រែចំការ ដោយមានវិសាលភាព ស្រោចស្រពស្រែច្រើនជាង១ម៉ឺនហិចតា នៅជុំវិញតំបន់នោះ ដែលទីតាំងទាំងនេះស្ថិតនៅក្នុង ឃុំរការខ្នុរ និង ឃុំឈូក ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕