ពលរដ្ឋខ្មែរ-ឥស្លាម ៦០គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មី នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួល បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០២០នេះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  បានចាត់ឱ្យ លោកជំទាវ ម៉ែន  នារីសោភ័គ  អគ្គលេខាធិការរងទី ១  កាកបាទក្រហមកម្ពុជា  និងសហការី  រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត  និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ  ចុះសួរសុខទុក្ខ  នាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ-ឥស្លាមចំនួន  ៦០គ្រួសារ  រស់នៅសហគមន៍ខ្មែរ-ឥស្លាម  ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី  នៃភូមិកោះផល  ឃុំប៉េីស១  ស្រុកក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ។ 

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ  អគ្គលេខាធិការ រងទី១  បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក  ការគិតគូរ  ជាមួយនឹងមនោសញ្ចេតនា  និងអនុស្សាវរីយ៍ជាច្រេីននៅស្រុកកំណេីតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជាពិសេសក្តីសោមនស្សរីករាយចំពោះការកេីតថ្មីឡេីងវិញនូវភូមិកោះផល  ក្នុងស្រុកក្រូចឆ្មារ  ដែល មាន សហគមន៍ខ្មែរ-ឥស្លាមរស់នៅតំបន់នេះ។

ជាមួយគ្នានេះ  លោកជំទាវអគ្គលេខាធិការរងទី ១  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីរបស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន  ជូនប្រជាពលរដ្ឋទាំងអស់  ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង  ត្រូវមានអនាម័យស្អាតជានិច្ច  ជាពិសេស  បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់  បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កេីនផល ដេីម្បីជីវភាពគ្រួសារ  និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា  ជាតិសាសន៍  ក្រោមម្លប់នៃសន្តិភាព ។ 

ទន្ទឹមនឹងនេះ  លោកជំទាវ  បានគូសបញ្ជាក់ថា  ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩  នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល  ប៉ុន្តែ ប្រទេសកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  ដែលមាន  សម្តេចតេជោ នាយករដ្ឋមន្ត្រី   ជាប្រមុខដឹកនាំ  បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឱ្យមានអ្នកស្លាប់  និងគ្រប់គ្រងមិនឱ្យមានការឆ្លងក្នុងសហគមន៍  តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់  និងទប់ស្កាត់បាន យ៉ាងទាន់ពេលវេលា ។ 

ជាមួយគ្នានេះ  លោកជំទាវ  បានថ្លែងអំណរគុណ  និងកោតសរសេីរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្ត សប្បុរស និងស្មារតីចែករំលែក  បន្តចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា  ទោះបីជា  កាកបាទក្រហមកម្ពុជា  បានផ្អាកការប្រារព្ធទិវា    ឧសភា  ឆ្នាំ២០២០  ដោយសារស្ថានភាពជំងឺកូវីដ-១៩  ក៏ដោយ។ ការបរិច្ចាកធនធាន ពីសប្បុរសជនទាំងអស់  បានផ្តល់លទ្ធភាព ដល់ កាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត  និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស  ជាពិសេស ការជួយសម្រាលជីវភាពក្នុងកំឡុងពេលកូវីដ-១៩នេះ។ 

សូមបញ្ជាក់ផងដែរថា  គ្រួសារនីមួយៗទទួលបាន  ៖ អង្ករ  ៣០គីឡូក្រាម  មី  ១កេស  ត្រីខ  ១០កំប៉ុង  ឃីត១  (មុង  ភួយ  សារុង  ក្រមា  អាវយឺត)  អាល់កុល  ១ដប  ម៉ាស់  ១កញ្ចប់  និងថវិកា  ៥ម៉ឺនរៀល៕