ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយេជូនគ្រួសារងាយរងគ្រោះ ចំនួប៧៣ គ្រួសារ

(ស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ៧៣ គ្រួសារ ក្នុងក្រុងបាវិត ដែលមកពីសង្កាត់ព្រៃអង្គុញ ៤០ គ្រួសារ សង្កាត់ច្រកម្ទេស ៣៣ គ្រួសារ។ ពិធីនេះប្រារព្វធ្វើនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ជីភូ ។

ការចុះសំណេះសំណាលនេះ លោកជំទាវ ដួង វណ្ណា បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ ។
ហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជាក៏បានរៀបចំ និងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកជំទាវ បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៧៣គ្រួសារ មានអង្ករ ២៥ គ.ក្រ មី១កេស ត្រីខ១០កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ ថវិកា ៤០,០០០ រៀល ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ បានឧបត្ថម្ភបន្ថែមទាំង ៧៣ គ្រួសារ ក្នុង ១ គ្រួសារថវិកា ២០,០០០ រៀល ៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង