ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ផ្តល់អំណោយដល់ប្រជាពលរដ្ឋ៦០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារ ដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលនូវជំងឺកូវីដ១៩នេះ ឯកឧត្តមខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) បាននាំយកគ្រឿងឧបភោគបរិភោគ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួប បញ្ហាលំបាកចំនួន៦០គ្រួសារ ស្ថិតនៅឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំនិងប្រជាពលរដ្ឋយ៉ាងច្រើន ។

ឯកឧត្តមខាន់ ខុន មានប្រសាសន៍ដោយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ ដោយរួមគ្នាអនុវត្តវិធានការ ការពារនិងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃ ឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ហោចណាស់ឱ្យបាន ១ នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាព អនាម័យ សុវត្ថិភាពផ្ទាល់ខ្លួន បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស់ឬក្រមាពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឯកឧត្តម បានបន្តអំពានាវដល់បងប្អូន ទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត
កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុងចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដ៌ទៃ កាត់បន្ថយការស្លាប់ពិការភាព និងជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពី គ្រឿងញៀន។

ឯកឧត្តមបានបន្តថា ចំពោះភូមិ/ឃុំមានសុវត្ថិភាពត្រូវបាន ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់កុំឲ្យ មានបញ្ហាអំពើហិង្សាក្នុងគ្រួសារនិង ការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមបានថ្លែងថា សម្តេចតេជោហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាព ជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នា ខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញ យ៉ាងពិតប្រាកដដោយមិនឲ្យមានសង្រ្គាម។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ៦០គ្រួសារដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំប៉ ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ