ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៦៦​គ្រួសារ​ក្នុងស្រុក​សូទ្រនិគម ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប !

សៀមរាប៖ ​នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ឯកឧត្ដម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦៦​គ្រួសារ នៅ​ស្រុក​សូទ្រនិគម ក្នុងនោះ​មាន​ក្រុមគ្រួសារ​ងាយ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងពេល​មាន​វិបត្តិ​ជម្ងឺ​កូ​វិដ​-១៩ រួមមាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង ជនពិការ​ទីទ័លក្រ ចំនួន ៦០​គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ០៦​គ្រួសារ (​រលំ​០១​ខ្នង ប៉ះពាល់​ធ្ងន់ ០៥​ខ្នង​) ដោយ​គ្រួសារ​រលំ​ផ្ទះ និង ផ្ទះ​របើក​ដំបូល​ទទួលបាន​រួម​ម​សន​÷ ឃី​ត​១​កញ្ចប់​, កន្ទេល​១, អាវយឺត​២, មី​១​កេស​, ត្រីខ​១​យួរ​, អង្ករ​៣០​គីឡូក្រាម​ដូចៗ​គ្នា​, ហើយ​អ្នក​រលំ​ផ្ទះ​បន្ថែម​ស័ង្កសី​១៦​សន្លឹក និង​ថវិកា​២​សែន​រៀល និង គ្រួសារ​ផ្ទះ​របើក​ដំបូល ទទួលបាន​ស័ង្កសី ១០​សន្លឹក ថវិកា​១​សែន​រៀល ។ ចំពោះ​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន​៦០​គ្រួសារ ទទួលបាន​: អង្ករ ២៥​គីឡូក្រាម​, ត្រីខ​១​យួរ​, មី​១​កេស​, អាវយឺត​២ និង​ថវិកា ៤​ម៉ឺន​រៀល ។​

​មានប្រសាសន៍​នាឱកាស​នោះ លោក ចៅ ម៉ៅ​មុន្នី បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិកា​ក​សាខា​ខេត្ត ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​លោក ចៅ ម៉ៅ​មុន្នី ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ ដែល​នេះ​ជា​គ្រោះមហន្តរាយ​បង្កដោយ​ធម្មជាតិ គ្មាន​នរណាម្នាក់​ចង់​ជួបប្រទះ​ឡើយ ។ ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាចជួយ​សម្រាលទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត​ដែរ ដែល​នេះ​ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​” ។​

​លោក ចៅ ម៉ៅ​មុន្នី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ធ្វើ​អនាម័យ​សុខភាព ដោយ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​នឹង​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​